ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ នារីស្រស់សោភា ដែលមិនត្រូវបានស្គាល់ឈ្មោះ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវតាមបណ្តោយផ្លូវ២១៧ ក្បែរគល់ស្ពានស្ទឹងមានជ័យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍បានប្រាប់អ្នកយកព័ត៌មាន TN Hot New ឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញនារីរូបស្រស់សោភា បានបើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2.BA-1911 តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុ មិនដឹងថាមានមូលហេតុអ្វី ក៏បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងទ្រមេឃតែម្តង។ សំណាងអ្នកបើករថយន្តបង្ករងរបួសជើងតិចតួច ហើយក៏មិនបានបង្ករគ្រោះថ្នាក់ដល់អ្នកដ៏ទៃដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានស្ទូចយករថយន្ដទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕