បាញ់ស្លាប់៣នាក់ក្នុងជម្លោះពាក្យសម្តី

0
1145

ចេញផ្សាយ ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ មនុស្ស៣នាក់ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ដោយសារខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់ កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទ យីហោពន្លកថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១ ឈ្មោះ ប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ.ទី២ ឈ្មោះ សុខ សុីដេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូស័ព្ទ ស្នាក់នៅកន្លែងកើតហេតុនិងជនរងគ្រោះទី៣ មិនស្គាល់អត្តសញ្ញាណ រីឯជនបង្កជាអ្នករត់កង់បី និងបក្ខពួក២នាក់ទៀតបានរត់គេចបាត់ស្រមោល។

បើតាមប្រភពពីស្រ្តីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ អ្នកស្រីបានឃើញបុរសម្នាក់បើករថយន្តមកឈប់នៅមុខផ្ទះដើម្បីដាក់កូន បន្ទាប់មកក៏មានបុរសម្នាក់ទៀត បើកម៉ូតូកង់បីឥណ្ឌា មកពីក្រោយរួចស៊ីផ្លេ អោយរថយន្តឲ្យអែបគៀន ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដីគ្នាមួយប្រាវ បន្ទាប់មកអ្នកបើកម៉ូតូកង់បីក៏បានបើកចេញទៅបាត់។

ប្រភពបន្តថា មួយសន្ទុះក្រោយមក អ្នកបើកម៉ូតូកង់បីបានត្រឡប់មកវិញ ជាមួយបក្ខពួក ជិះម៉ូតូជាច្រើនគ្រឿង ហើយក៏បានផ្ទុះពាក្យសម្ដីគ្នាម្តងទៀត ពេលនោះហើយ អ្នករត់កង់បី បានស្ទុះយកកាំភ្លើងពីបក្ខពួក បាញ់ទៅលើជនរងគ្រោះចំនួន៣នាក់ ម្នាក់ត្រូវមួយគ្រាប់ ដោយបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើហេតុម្នាក់ និង២នាក់ទៀតស្លាប់បន្តបន្ទាប់តាមក្រោយគ្នា។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់ពិនិត្យនិងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនក្រុមជនល្មើសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕