មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិថា ភាពខ្លាំងរបស់ខ្លួនគឺ សាមគ្គី ស្មោះត្រង់ ជាធ្លុងមួយ

0
964

ចេញផ្សាយ ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១

បាត់ដំបង៖ គណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំប្រជុំរចនាសម្ព័ន្ធថ្នាក់ដឹកនាំទូទាំងខេត្ត។

ការប្រជុំនេះ ធ្វើឡើងដើម្បីត្រៀមកម្លាំងដែលជាស្នូលលទ្ធិប្រជាធិបតេយ្យ ក្នុងការផ្លាស់ប្តូរ នៅមូលដ្ឋាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិអាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ។

លោក ជាវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានអោយដឹងថា មុនការបោះឆ្នោតខាងមុខនេះ ចរន្តនៃការគាំទ្រមកលើគណបក្សខ្មែរស្រឡាញ់ជាតិ និងមានការចូលរួមដូចទឹកបាក់ទំនប់ ព្រោះមានតែគណបក្សខ្មែរស្រឡាញ់ជាតិទេ ដែលជាក្តីសង្ឃឹមរបស់ពលរដ្ឋ និងជាអ្នកបន្តស្មារតីសង្គ្រោះជាតិ។

លោក ជាវ កត្តា បន្តថា គណបក្សខ្មែរស្រឡាញ់ជាតិ បានបង្កើតវប្បធម៌ថ្មី ដោយក្នុងនោះ អ្នករើសអើងខ្ញុំបាន តែខ្ញុំមិនរើសអើងអ្នកឡើយ. អ្នកមើលងាយខ្ញុំបាន តែខ្ញុំមិនមើលងាយអ្នកឡើយ. អ្នកប្រមាថខ្ញុំបាន តែខ្ញុំមិនប្រមាថអ្នកឡើយ។

លោក ជាវ កត្តា បន្ថែមថាទៀតថា ខ្មែរស្រឡាញ់ជាតិ មិនយកខ្មែរណាជាសត្រូវឡើយ ក្នុងគោលដៅផ្សះផ្សារជាតិ ដើម្បីជាគំរូសម្រាប់កូនខ្មែរគ្រប់រូប និងអ្នកនយោបាយផ្សេងទៀតផងដែរ។

ដូចគ្នានេះ គណបក្សខ្មែរស្រឡាញ់ជាតិ បានដាក់ចេញគោលការណ៍​៥ ចំណុច​រួមមាន៖
១ គណបក្សខ្មែរស្រឡាញ់ជាតិ បន្តស្មារតីសង្រ្គោះជាតិ
២ គណបក្សខ្មែរស្រឡាញ់ជាតិ បង្កើតគោលនយោបាយថ្មី មិនលាបពណ៍គ្នា
៣ គណបក្សខ្មែរស្រឡាញ់ជាតិ បង្រួបបង្រួមអ្នកនយោបាយ អ្នកប្រជាធិបតេយ្យ
៤ គណបក្សខ្មែរស្រឡាញ់ជាតិ ផ្សះផ្សារជាតិ ខ្មែរតែមួយ
៥ គណបក្សខ្មែរស្រឡាញ់ជាតិ តស៊ូមតិតាមលទ្ធិប្រជាធិបតេយ្យ។

ចំណែកលោក ខឿយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបន្ទុកខេត្តបាត់ដំបង បានមានប្រសាសន៍ថា អ្វីដែលជាជោគជ័យ និងភាពខ្លាំងរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ដោយសារតែគណបក្សខ្មែរស្រឡាញ់ជាតិ មានសាមគ្គីភាព ស្មោះត្រង់ ជាធ្លុងមួយ ទើបធ្វើអោយគណបក្សខ្មែរស្រឡាញ់ជាតិខ្លាំង ពិសេសខេត្តបាត់ដំបង ដូចពេលបច្ចុប្បន្ននេះ។

ដូចគ្នានេះ លោក ខឿយ ស៊ីនឿន បន្ថែមដោយសង្កត់ធ្ងន់ថា អ្វីណាទាំងអស់នេះ គណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តបាត់ដំបង ក៏បានដាក់ចេញជាផែនការណ៍ នៃភាពខ្លាំងរបស់ខ្លួនមួយចំនួនផងដែរ៖
១ សកម្មភាព ដែលធ្វើអោយប្រជាពលរដ្ឋម្ចាស់ឆ្នោត មានជំនឿ ជឿមកលើគណបក្សខ្មែរស្រឡាញ់ជាតិ
២ ចក្ខុវិស័យ ដែលគណបក្សបានដាក់ចេញ ជាយុទ្ធសាស្ត្រចំនួន៥ចំណុច ដែលជាគ្រឹះសម្រាប់ប្រយោជន៍របស់ពលរដ្ឋ
៣ គណបក្សខ្មែរស្រឡាញ់ជាតិ មានរចនាសម្ព័ន្ធដល់មូលដ្ឋាន ដែលជាកម្លាំងស្នូលរបស់អតីតគណបក្សសង្គ្រោះជាតិចូលរួម។

លោក សៀវ វិសុទ្ធ អគ្គហិរញ្ញេក ក៏បានលើកឡើងដោយលើកទឹកចិត្តដល់សកម្មជន ដែលបានលះបង់គ្រប់យ៉ាងជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ។ លះបង់គឺមានន័យថា កម្លាំងប្រមូលផ្តុំឈានមុខនៃគណបក្សខ្មែរស្រឡាញ់ជាតិ កើតឡើងក្នុងខេត្តបាត់ដំបង ដែលជាគ្រឹះដ៏រឹងមាំ។

លោក សៀវ វិសុទ្ធ បន្តថា គណបក្សខ្មែរស្រឡាញ់ជាតិ ពិតជាទទួលបានជ័យជំនៈដ៏ពិតប្រាកដនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ព្រោះកម្លាំង សន្ទុះនៃការចូលរួមរបស់ពលរដ្ឋ ព្រមទាំងអតីតសង្គ្រោះជាតិ បានបង្ហាញយ៉ាងច្បាស់ពីជ័យជំនៈ ស្របពេលដែលគណបក្សគ្រោងរៀបចំគោលនយោបាយ ដែលបម្រើផលប្រយោជន៍គណបក្ស ក្នុងសមាជរបស់ខ្លួន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ដ៏ខ្លីខាងមុខនេះ។

គណបក្សខ្មែរស្រឡាញ់ជាតិ គឺជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ ព្រោះជាអ្នកបន្តវេនតែមួយគត់របស់សង្គ្រោះជាតិ៕