ចេញផ្សាយ ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១
បាត់ដំបង៖ បើទោះបីជាអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយជាច្រើនឆ្នាំទៅហើយក្តី ហើយត្រូវជំនួសមកវិញនូវពូជសង្គ្រោះជាតិ ក៏ត្រូវទទួលការរារាំងរំខានពីអាជ្ញាធារមូលដ្ឋានជាបន្តបន្ទាប់។
ការរារាំងនេះ នៅបន្ទាប់ពីមេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បានបន្តស្មារតីសង្គ្រោះជាតិ ចុះជួបរៀបចំវេទិការគណបក្សនៅតាមមូលដ្ឋានជាមួយពលរដ្ឋម្ចាស់ឆ្នោត ដើម្បីផ្តល់ក្តីសង្ឃឹមថ្មី ដល់ពួកគាត់នៅមូលដ្ឋាន ដែលបានបាត់បង់តំណាងរបស់ខ្លួនរយៈពេលជិត៤ឆ្នាំមកហើយ។
ដូចគ្នានេះ ក្នុងវេទិការជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងការប្រកាសរចនាសម្ព័ន្ធគណៈកម្មាធិការ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង របស់គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានអាជ្ញាធរមូលដ្ឋាន រារាំងបំភិតបំភ័យ ពលរដ្ឋមិនអោយមកចូលរួមជាមួយគណបក្សខ្មែរស្រឡញ់ជាតិ ដែលបានប្រារព្វធ្វើនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោក សៀវ វិសុទ្ធ អគ្គហិរញ្ញេក គណបក្សខ្មែរស្រឡាញ់ជាតិ បានថ្លែងថា អ្នកដែលរារាំងពលរដ្ឋមិនអោយចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ កុំពុងភ័យខ្លាចពីកម្លាំងពលរដ្ឋមកចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិហើយ។
ការភ័យខ្លាចនេះ ព្រោះតែខ្លួនមិនបានធ្វើការបម្រើពលរដ្ឋ គឺបម្រើប្រយោជន៍បុគ្គល និងបក្ខពួក ទុកអោយពលរដ្ឋរស់រងទុក្ខលំបាក រួមទាំងខ្លួនផង រីឯគេវិញ គឺរស់នៅដ៏ប្រសើរសុខស្រួល ដោយមិនខ្វល់ពីទុក្ខលំបាក និងសេចក្តីត្រូវការរបស់ពលរដ្ឋឡើយ។
ដូចគ្នានេះ លោក ខឿយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ក៏បានថ្លែងដោយការផ្ញើរសារ ទៅដល់អាជ្ញាធរមូលដ្ឋានភូមិឃុំរស្មីសង្ហាថា ល្មមឈប់ប្រើគ្រប់រូបភាពធ្វើបាប សំឡុតគំរាមកំហែងប្រជាពលរដ្ឋបន្តទៀតទៅ។
លោកថា មេឃុំមិនមែនជាចៅហ្វាយពលរដ្ឋឡើយ គឺជាអ្នកបម្រើពលរដ្ឋទៅវិញទេ ត្រង់ន័យនេះ លោក ខឿយ ស៊ីនឿន ថាមេឃុំមិនត្រូវរើសអើងផងដែរគ្រប់គណបក្សនយោបាយ មិនមែនការស្នើរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបដិសេធនោះទេ។
លោក ខឿយ ស៊ីនឿន បន្តថា មេឃុំកុំគ្រាន់បើពេក ព្រោះតំណែងដែលខ្លួនបានមក និងកំពុងអង្គុយពេលនេះ គឺជាតំណែងបានមកពីការប្លន់របស់មេឃុំសង្គ្រោះជាតិទេ ។
លោក ខឿយ ស៊ីនឿន បន្ថែមទៀតថា ក្នុងនោះសូម្បីតែប្រជាការពារឃុំក្តី ក៏គួរគិតប្រយោជន៏រួមពលរដ្ឋផង កុំបានតួនាទីដែលគ្មានក្នុងច្បាប់នេះ មកសំឡុតគំរាមកំហែងប្រជាពលរដ្ឋនោះ។
ចំណែកលោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡញ់ជាតិ ថ្លែងថា នៅឆ្នាំ២០២២ គណបក្សខ្មែរស្រឡាញ់ជាតិ និងទៅដណ្តើមមេឃុំរស្មីសង្ហា ជូនពលរដ្ឋម្ចាស់ឆ្នោតវិញ ដែលជាអតីតមេឃុំរបស់អតីតគណបក្សសង្គ្រោះជាតិ។
លោក ជាវ កត្តា បន្តថា មេឃុំខ្មែរស្រឡាញ់ជាតិ ជាមេឃុំពិតប្រាកដ កើតឡើងពីសម្លេងនៃការជ្រើសរើសរបស់ប្រជាពលរដ្ឋមូលដ្ឋាន បម្រើពលរដ្ឋម្ចាស់ឆ្នោតដោយស្មោះត្រង់ និងពិតប្រាកដ មិនដូចមេឃុំដែលកើតឡើងពីការប្លន់តំណែងរបស់គេឡើយ។
លោក ជាវ កត្តា បន្ថែមទៀតថា មេឃុំខ្មែរស្រឡាញ់ជាតិ និងរៀបចំមូលដ្ឋានរបស់បងប្អូនអោយបានល្អប្រសើរ ទាំងប្រព័ន្ធធារាសាស្ត្រ និងការរៀបចំមូលដ្ឋានឲ្យមានតម្លាភាព។
ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ សង្កត់ធ្ងន់ថា ដូចគ្នានេះ ក្រោយគណបក្សខ្មែរស្រឡាញ់ជាតិ ដឹកនាំប្រទេស នៅឆ្នាំ២០២៣ នៃការបោះឆ្នោតជាតិ គណបក្សនិងរៀបចំប្រទេសដើរតាមគន្លងប្រជាធិបតេយ្យ វឌ្ឍនៈភាពសង្គម សេដ្ឋកិច្ច កំរិតជីវភាព ការរស់នៅនិងការគោរពសិទ្ធិមនុស្សដ៏ល្អប្រសើរ រួមទាំងទីផ្សារសេដ្ឋកិច្ចរបស់ពលរដ្ឋផងដែរ។
ព្រមជាមួយគ្នានេះ លោក ជីវ កត្តា បង្ហាញដោយជំនឿ និងក្តីសង្ឃឹមជូនពលរដ្ឋម្ចាស់ឆ្នោតថា ព្រលឹង ស្មារតី សង្គ្រោះជាតិ បានរស់ឡើងវិញហើយ ក្រោមទង់ខ្មែរស្រឡាញ់ជាតិ។
ដូច្នេះលោកសូមអំពាវនាវអោយប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ ស្នេហាប្រជាធិបតេយ្យទាំងអស់ ចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ ដើម្បីជាតិ មាតុភូមិ ជីវិតជីវភាព ការរស់នៅដោយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក្រោមការដឹកនាំរបស់គណបក្សខ្មែរស្រឡាញ់ជាតិ។ គណបក្សខ្មែរស្រឡាញ់ជាតិឈ្នះ គឺពលរដ្ឋជាអ្នកឈ្នះទាំងអស់គ្នា៕