ចេញផ្សាយ ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១
បាត់ដំបង៖ នាពេលបច្ចុ្បន្ននេះ អ្នកស្នេហាជាតិ មានច្រើនស្ទើររាប់មិនអស់ទាំងក្នុងប្រទេស និងក្រៅប្រទេស។
តែយ៉ាងណា អ្នកស្នេហាជាតិនេះ មានច្រើនទម្រង់ និងរូបភាព ដែលអ្នកស្នេហាជាតិខ្លះ ធ្វើដើម្បីប្រយោជន៍បក្ខពួកនិងបុគ្គល ចំណែកអ្នកស្នេហាជាតិ មួយចំនួនទៀត ធ្វើពិតអនុវត្តន៍ពិត ពិតជាក់ស្តែងដើម្បីប្រយោជន៏ជាតិ និងពលរដ្ឋ។
ដូចគ្នានេះ លោក សៀវ វិសុទ្ធ មេដឹកនាំជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ បានលើកឡើងថា អ្នកដែលស្រែកថាខ្លួនជាអ្នកស្នេហាជាតិ ដែលស្នេហាតាមរយៈហ្វេសប៊ុក គឺមិនអាចជួយអ្វីដល់ជាតិ និងពលរដ្ឋបានឡើយ។
លោកថា ជាអ្នកស្នេហាជាតិ ត្រូវធ្វើផ្ទាល់ អនុវត្តន៍ផ្ទាល់ ក្នុងប្រទេស និងជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានទូទាំងប្រទេស ដោយមិនអាចត្រឹមតែអង្គុយនិយាយតាម ហ្វេសប៊ុក ហើយតាំងខ្លួនជាអ្នកស្នេហាជាតិ ស្រែកថាឈ្នះហើយនោះឡើយ។
លោក សៀវ វិសុទ្ធ ថាគណបក្សខ្មែរស្រឡាញ់ជាតិ គឺធ្វើផ្ទាល់ អនុវត្តន៍ផ្ទាល់ ក្នុងប្រទេស និងជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ម្ចាស់អំណាច ដោយមិនរត់ចោលពលរដ្ឋទោះក្នុងកាលៈទេសៈណាក៏ដោយ។
រីឯលោក ខឿយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ក៏បានលើកឡើងផងដែរថា បើជាអ្នកស្នេហាជាតិពិត ត្រូវតស៊ូ លះបង់ពិតប្រាកដជាមួយពលរដ្ឋ ដោយមិនទុកអោយពលរដ្ឋរស់នៅដោយលំបាកវេទនា ប្រឈមគ្រប់បញ្ហាឡើយ។
លោក ខឿយ ស៊ីនឿន បន្តថា មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ លះបង់គ្រប់យ៉ាងដើម្បីជាតិ មាតុភូមិ ដោយមិនគិតការនឿយហត់ ឬផលលំបាកទេ យ៉ាងណាអោយតែពលរដ្ឋពួកគាត់រស់នៅដោយសេចក្តីសុខ។
លោក ជាវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានលើកឡើងផងដែរថា លោកបានប្តេជ្ញាហើយ ក្នុងជីវិតនយោបាយរបស់លោក ដោយលោកនិងមិនរត់ទៅណាចោលពលរដ្ឋឡើយ បើទោះបីជាលោកមានសញ្ជាតិជាពលរដ្ឋអាមរិកក្តី។
លោកថា ការតស៊ូ និងការផ្លាស់ប្តូរបាន មិនមែនរស់នៅក្រៅប្រទេសទេ គឺជាការតស៊ូជាមួយពលរដ្ឋនៅក្នុងប្រទេស ទើបយើងអាចធ្វើការផ្លាស់ប្តូរបាន៕