ចេញផ្សាយ ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១
សៀមរាប៖ ដោយមើលឃើញពីភាពអយុត្តិធម៌សង្គម ដែលជិះជាន់ គាបសង្កត់ពលរដ្ឋមិនចេះឈប់ឈរ មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បានដាក់ចេញទិសដៅដ៏ជាក់លាក់មួយ។
ទិសដៅដ៏ជាក់លាក់នេះ ត្រូវបានលោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានធ្វើការបង្ហាញពលរដ្ឋម្ចាស់ឆ្នោត ក្នុងពិធីជួបជុំសកម្មជន និងពលរដ្ឋ នៃការប្រកាសរចនាសម្ព័ន្ធគណបក្សស្រុកប្រាសាទបាគង និងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ក្នុងនោះលោក ខឺយ ស៊ីនឿន បង្ហាញជូនទៅម្ចាស់ឆ្នោតចំនួន៣ចំណុចក្នុងទិសដៅខាងមុខនេះថា៖
១ យើងបោះឆ្នោតដូរមេឃុំពុករលួយដាក់មេឃុំស្អាតស្អំ
២ យើងបោះឆ្នោត ដូរមេឃុំបម្រើបក្ខពួក ដាក់មេឃុំបម្រើប្រជាពលរដ្ឋ និងមិនរើសអើងគណបក្សនយោបាយ
៣ យើងបោះឆ្នោតដូរមេឃុំប្រព្រឹត្តិអំពើអយុត្តិធម៌ ដាក់មេឃុំយុត្តិធម៌។
ទាំងនេះគឺជាការសម្រេចចិត្តរបស់ពលរដ្ឋនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមេឃុំ សង្កាត់ នៅឆ្នាំ២០២២ខាងមុខ។ ដូចគ្នានេះ សម្រាប់ពលរដ្ឋមូលដ្ឋានបច្ចុប្បន្ន គឺប្រឈមនិងការគាបសង្កត់ពីសំណាក់អាជ្ញាធរមូលដ្ឋានយ៉ាងខ្លាំង។
លោក ខឺយ ស៊ីនឿន បង្ហាញផងដែរ ដោយសុំអោយពលរដ្ឋសម្រេចចិត្តអោយបានត្រឹមត្រូវ ក្នុងការចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាអ្នកបន្តស្មារតីសង្គ្រោះជាតិ នាំមកនូវការផ្លាស់ប្តូរដ៏ពិតប្រាកដដោយសន្តិវិធីនៅឆ្នាំ២០២២ខាងមុខ៕