ចេញផ្សាយ ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១
បាត់ដំបង៖ ស្នងការនគរបាលខេត្តបាត់ដំបង បានសម្រេចផ្អាកការងារបណ្តោះអាសន្ន លោក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីបែកធ្លាយរូបភាពលោកអធិការរូបនេះ បានលួចដោះលែងមេខ្យល់ ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃក្នុងពេលដែលមានការរីករាលដាលជំងឺកូវីដ១៩។
បើតាមសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា បន្ទាប់ពីផ្អាកការងារបណ្តោះអាសន្ននេះ លោក គឹម ពន្លក ត្រូវបង្ហាញមុខនៅការិយាល័យ បុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានចេញបញ្ជាដាច់ណាត់ ឲ្យវាយខ្នោះលោកប៉ូលិសស័ក្តិ៤ នៅច្រកឡែមប្រសិនបើរកឃើញថា លោកស័ក៤រូបនោះ បានដោះលែងមេខ្យល់នាំពលករខុសច្បាប់ចេញចូលប្រទេសថៃ និងគេចចេញពីការធ្វើចត្តាឡីស័ករបស់សមត្ថកិច្ចនៅតាមព្រំដែន៕