ចេញផ្សាយ ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១
ឧត្ដរមានជ័យ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នា លើកំណាត់ផ្លូវជាតិលេខ២៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៨-៧៩ វេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ក្នុងនោះជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើរួមមាន៖
ទី១ សពជនរងគ្រោះដែលជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ កំពុងចាម 1G-6389 មិនបានស្គាល់អត្ដសញ្ញាណទេ។
ទី២ ឈ្មោះ សៅរ៍ ម៉ឺង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្នល់ថ្មី ឃុំថ្លាត ស្រុកអន្លង់វែង រងរបួសធ្ងន់ ចំត្រង់ក្បាល មិនពាក់មួកសុវត្ថិភាព។
ទី៣ ឈ្មោះ ម៉ាលី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ត្រង់ក្បាល មិនពាក់មួកសុវត្ថិភាព។
ទី៤ ឈ្មោះ មុត សៀន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ រងរបួសធ្ងន់ត្រង់ក្បាល មិនពាក់មួកសុវត្ថិភាព។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុឲ្យបានដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Smash Revo ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1AH- 2781 បើកឌុបគ្នាតាមបណ្តោយផ្លូវលេខ២៥ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមា១២៥ ពណ៌ខ្មៅស៊េរី២០១៥ ពាក់ស្លាកលេខ កំពង់ចាម 1G-6389 ជិះម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច មិនពាក់មួកការពារសុវត្ថិភាព បានមកបុកជាមួយម៉ូតូស្មាក់ ពេញទំហឹងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូហុងដា បើកបរមិនប្រកាន់ស្ដាំទើបង្កឲ្យមានគ្រោះថ្នាក់បែបនេះ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែងរួចយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕