ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ ភ្លាមៗក្រោយការផ្សព្វផ្សាយ ករណីអភិបាលរងខេត្តបាត់ដំបង បោះបង្គោលថ្មធំៗ ចំកណ្តាលផ្លូវ លោកបានសម្តែងប្រតិកម្មយ៉ាងខ្លាំង ដោយមិនទុកមុខឲ្យនោះឡើយ។
មិនទុកមុខដោយលោក ពេជ្រ ស្រស់ បានក្តៅស្លឹកត្រចៀក និងទង្វើលោកអភិបាលរង ខេត្តបាត់ដំបង ឆាយ ម៉ាទីណាល់ ដោយលោកបានលើកឡើងថា ”បើសិនជារឿងនេះពិតមែននោះ មន្រ្តីប្រភេទនេះពុំគួរកាន់តំណែងធំបែបនេះទេ ដោយហេតុថា «បើរាស្រ្តធ្វើអំពើថោកទាប គ្រាន់តែបង្ករជម្លោះជាមួយអ្នកជិតខាង ក៏ប៉ុន្តែបើអ្នកកាន់អំណាចធ្វើអំពើថោកទាប គឺបង្ករគ្រោះភ័យដល់ជាតិ និង សេចក្តីសុខរបស់ពលរដ្ឋមួយនគរ»”។
លោក ពេជ្រ ស្រស់ បន្ថែមទៀតដោយសង្កត់ធ្ងន់ថា ករណីលោកអភិបាលរងខេត្តម្នាក់នេះ គួរតែស្រាវជ្រាវរកការពិតឲ្យឃើញថា លោកអភិបាលរងខេត្តម្នាក់នេះ ពិតជាបានប្រព្រឹត្តិរឿងដ៏ថោកទាបនេះឬក៏អត់? បើរកឃើញថាបានប្រព្រឹត្តមែននោះ រដ្ឋាភិបាលគួរឲ្យគាត់ទៅរៀនសូត្រឡើងវិញទៅ ដោយហេតុថាការពង្រីកផ្លូវរបស់រដ្ឋ គឺម្ចាស់ដីត្រូវតែបរិច្ចាកដីឲ្យរដ្ឋពង្រីកផ្លូវ ដើម្បីជាប្រយោជន៍រួម ហើយក្នុងនាមជាមន្រ្តី ត្រូវធ្វើគំរូដល់ពលរដ្ឋក្នុងការផ្តល់ដីជូនរដ្ឋពង្រីកផ្លូវប្រើប្រាស់រួម ហើយធ្វើឲ្យពលរដ្ឋដទៃទៀត បើកចិត្តទូលាយជាមួយរដ្ឋ ពេលដែលរដ្ឋត្រូវការពង្រីកផ្លូវ។ ឯកន្លែងផ្សេងបាយព្រះសង្ឃហូបឆាប់ឆ្អែត រីឯ បាយមន្រ្តីកាន់តែហូប គឺកាន់តែឃ្លាន“ចិត្តលោភលន់”។
ក្នុងនោះ មិនត្រឹមតែលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ទេ ប្រតិកម្មចំពោះរឿងនេះ បើទោះបីពេលនេះលោក ឆាយ ម៉ាទីណាល់ បានដកបង្គោលចេញក្តី ក៏ពលរដ្ឋ និងមហាជន ដែលបានដឹងរឿងនេះ បានសម្តែងការហួសចិត្តដូចគ្នាៗ។
សូមជំរាបថា បង្គោលថ្មធំៗជាច្រើនដើម ត្រូវបានលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង យកទៅបោះនៅកណ្ដាលផ្លូវដីមួយកន្លែង ដែលអាជ្ញាធរទើបនឹងធ្វើការពង្រីកអោយធំ ដើម្បីងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរ ដោយលោកអះអាងថា ការពង្រីកផ្លូវនេះ ចូលទៅលើដីកម្មសិទ្ធិរបស់ម្តាយខ្លួន។
ក្នុងនោះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថា បើតាមការអះអាងពីប្រជាពលរដ្ឋ និងមេភូមិ ដែលនាំគ្នាប្រតិកម្មរឿងលោកអភិបាលរងខេត្ត យកបង្គោលថ្មទៅបោះនៅកណ្ដាលផ្លូវខាងលើនេះ គឺស្ថិតនៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក សាន់ សេត មេភូមិពពាលខែ បានអោយដឹងថា ផ្លូវមួយខ្សែនេះ ពីមុនមានទទឹងតូច ក្រោយមកអាជ្ញាធរបានសហការជាមួយសប្បុរសជន ធ្វើការពង្រីក ទទឹង៨ម៉ែត្រដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ ស្រាប់តែនៅល្ងាចថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២១ ម្ចាស់ដីខាងលើនេះ ដែលគេអះអាងថា គឺលោក ឆាយ ម៉ាទីណាល់ មានតួនាទីជាអភិបាលរងខេត្តបាត់ដំបង បានបញ្ជាអោយគេយកបង្គោលថ្មធំៗមកជីកដី ដាំចូលដីផ្លូវអស់ជិត៣ម៉ែត្រដោយខ្លួនសំអាងថា ការធ្វើផ្លូវខាងលើគឺចូលដីកម្មសិទ្ធិ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានប្រាប់សារព័ត៌មនក្នុងស្រុកមួយឲ្យដឹងថា ផ្លូវខាងលើធ្វើដោយក្រុមហ៊ុនរកសុីដីនៅតំបន់នោះ ហើយការធ្វើផ្លូវនេះ គឺចូលដីកម្មសិទ្ធិរបស់លោក ទើបលោកអោយខាងសុរិយោដីចុះទៅវាស់វែងព្រំដី ហើយបោះបង្គោលបែបនេះ ព្រោះវាអយុត្តិធម៌សម្រាប់លោកពេក។
យ៉ាងណាក្តី សម្រាប់មហាជន ក៏ដូចអ្នកនយោបាយ លោក ពេជ្រ ស្រស់ បានមើលឃើញថា ទង្វើលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបងរូបនេះ ដូចជាហួសហេតុពេក និងមិនសាកសមជាមន្រ្តី បម្រើប្រជាពលរដ្ឋឡើយ។
ក្រោយប្រតិកម្មពីមហាជន បង្គោលត្រូវបានដក តែយើងនៅមិនទាន់ដឹងទេថា ថ្នាក់លើនិងមានវិធានការយ៉ាងណាចំពោះលោក ឆាយ ម៉ាទីណាល់ អភិបាលរង ខេត្តបាត់ដំបងរូបនេះ ដែលជាមន្រ្តី ធ្វើឲ្យល្បីរឿងដី យកបង្គោលថ្ម បោះជារបងព្រំដីចំកណ្តាលផ្លូវដូច្នេះ៕