ចេញផ្សាយ ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនវ៉ាជែងរថយន្តកុងតឺន័រ ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវដួលខ្ទាតចូលរថយន្ត។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវវ៉េងស្រេង ចំណុចភ្លើងស្តុបទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ សៀក សុខា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបកម្មកររោងចក្រតំបត់សេដ្ឋកិច្ចពិសេស ស្នាក់នៅភូមិបែកចាន ស្រុកអង្គរស្នួលខេត្តកណ្ដាល និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។ រីឯអ្នករងរបួសមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។
បើតាមសម្តីបុរសម្នាក់ជាអ្នករត់ PassApp នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត យុវជនទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HB-5569 បើកបរ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីរកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះព្យាយាមវ៉ាជែងរថយន្តកុងតឺន័រនៅខាងមុខ ដោយខ្វះកាប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យដួលខ្ទាតចូលកង់រថយន្តកុងតឺន័រកិនបែកក្បាលធ្លាយខួរស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុម្នាក់ ចំណែកម្នាក់ទៀតរងរបួស។
ចំណែកអ្នកបើករថយន្ត បានព្យាយាមបើករត់ តែត្រូវបានកម្លាំងសមត្ថកិច្ចដេញស្ទាក់ចាប់បាន នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕