ចេញផ្សាយ ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញៈ រថយន្តកូរ៉េ២តោនដឹកទឹកបរិសុទ្ធមួយគ្រឿង បានបើកបុកម៉ូតូស្គូពី បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ ដែលបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវមុន្នីរ៉េត ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការឲ្យដឹងពីអ្នកបើករថយន្ដថា នៅមុនកើតហេតុ រូបគេបានបើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កោះកុង 3A-0450 ធ្វើដំណើរតាមបណ្ដោយផ្លូវមុនីរ៉េត ចេញពីផ្សារស្ទឹងមានជ័យថ្មី ទៅច្រមុះជ្រូកស្ទឹងមានជ័យ ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូមួយគ្រឿងបើកយ៉ាង លឿន ពេលនោះរូបគេជាន់ហ្វ្រាំងមិនស៊ី ក៏បានជ្រុលទៅបុកម៉ូតូស្គុបពីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1A-1267 ដែលបើកបរដោយក្មេងប្រុសបណ្ដាលឱ្យរងរបួសធ្ងន់។
ភ្លាមៗនោះដែល ក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្រោយកើតហេតុ ភាគីទាំងសងខាងបានសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែង ដោយភាគីរថយន្ត ចេញសំណងការខូចខាត និងការព្យាបាលក្មេងប្រុសដែលរងរបួស៕