ចេញផ្សាយ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១
កណ្តាល៖ អាជ្ញាធរក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេយីហោ ឡូហ្ស៊ិក២ ស្ថិតនៅតាមបណ្តោយផ្លូវ២១០ ភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។
ការចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេយីហោ ឡូហ្ស៊ិក២ នេះធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ៣៩ឆ្នាំ បម្រើការងារនៅក្នុងក្លឹប N8 មានផ្ទុកជម្ងឺកូវីដ-១៩ ខណៈមានប្រពន្ធបុរសរូបនេះ បម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេ យីហោឡូហ្ស៊ិក២ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទជាបណ្តោះអាសន្ន ដោយរកអ្នកដែលពាក់ព័ន្ធ ដើម្បីយកសំណាកនិងនាំពួកគេទៅទៅធ្វើចត្តាឡីស័ក។
សូមជំរាបថា ចំពោះស្ត្រី ដែលជាភរិយាលោក គង់ ចាន់ឌី ត្រូវបាននាំយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែ។ ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងផ្ទះស្រុកកំណើត នៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នផងដែរ៕