អតីតរដ្ឋលេខាធិការក្រសួងអប់រំ ទទួលមរណៈភាពនៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងជន្មាយុ៨១ឆ្នាំ

0
1628

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ អតីតរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កូតាគណបក្សហ្វ៊ុនសុិនប៉ិច លោក ប៉ុក ថន បានទទួលមរណភាពហើយ ដោយជំងឺជរាពាធ ក្នុងជន្មាយុ៨១ឆ្នាំ នៅរដ្ឋ California សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោក ប៉ុក ថន អតីតរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

លោក ប៉ុក ថន គឺជាអតីតបញ្ញវន្ត ក្នុងនាមជាអតីតនិស្សិតអាហារូបករណ៍ ដែលបានទៅសិក្សានៅសហរដ្ឋអាមេរិក ទសវត្សឆ្នាំ៧០ រូបលោកមិនបានឆ្លងកាត់ជីវិតក្នុងរបបខ្មែរក្រហមនោះទេ ហើយនៅទសវត្សឆ្នាំ៨០ លោកបានចូលរួម និងគាំទ្រគោលនយោបាយចលនារណៈសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ) ​លោកតា សឺន សាន ក្នុងការតស៊ូរំដោះជាតិប្រឆាំងការឈ្លានពានពីសំណាក់កងទ័ពវៀតណាម តាមបណ្តោយព្រំដែនសៀម។

បើតាមការសេសេរនៅលើបណ្តាញសង្គម របស់លោក មាជ សុវណ្ណារ៉ា បានឲ្យដឹងថា លោក ប៉ុក ថន បានរស់នៅទីក្រុងឡុងប៉ិច រដ្ឋ Californiaសហរដ្ឋអាមេរិក ដោយលោកធ្លាប់ជាប្រធានអង្គការ សហគមន៍ខ្មែរ UCC ក្នុងផ្នែកជំនួយមនុស្សធម៌ ជួយសង្រ្គោះដល់ជនភៀសខ្លួនខ្មែរមករស់នៅសហរដ្ឋ នាអំឡុងទសវត្សឆ្នាំ៨០។

លោក ប៉ុក ថន និងលោក សឺន សាន រួមជាមួយក្រុមបញ្ញាវន្ត

លោក មាជ សុវណ្ណារ៉ា បានបន្តក្នុងសំនេររបស់ខ្លួនបន្តទៀតថា ក្រោយការបោះឆ្នោតជាតិ ក្នុងសម័យUNTAC ឆ្នាំ១៩៩៣ ពីកូតា Funcinpec លោកបានក្លាយជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចំនួន២ អាណត្តិជាប់គ្នា ក្រោមការដឹកនាំដោយរដ្ឋមន្ត្រី អឹង ហួត-តុល ឡោះ និងបណ្ឌិត កុល ផេង ចន្លោះឆ្នាំ១៩៩៣-២០០៣។

លោក មាជ សុវណ្ណារ៉ា

បន្តបន្ទាប់មក លោក ប៉ុក ថន បានលាឈប់ពីឆាកនយោបាយ ដោយយកពេលចូលនិវត្តន៍ និងពេលវេលាខ្លះបង្រៀនសិស្សនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រនៅទីក្រុងភ្នំពេញ ដោយរស់នៅជាមួយភរិយាជាប្រធានអង្គការ គឺអ្នកស្រី ប៉ុក នីដា និងជីវិតចុងក្រោយរបស់លោកក្នុងប៉ុន្មានឆ្នាំនេះ រូបលោកក៏សម្រេចចិត្តវិលត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញ រហូតដល់ថ្ងៃលោកទទួលមរណភាព កាលពីថ្ងៃ ពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ៕