ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
តាកែវ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឌុបគ្នាល្បឿនមិនប្រយ័ត្ន ដែលបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅលើកំណាត់ផ្លូវលេខ១៣៤ ភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកអ៊ិចសង់ទ័រ ពណ៌ខ្មៅ លាយស ក្រហម គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ម៉ិញ រតនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ នៅភូមិមនោណុប ឃុំជំពូវ័ន ស្រុកជុំគិរីខេត្តកំពត (មិនពាក់មួកសុវត្ថិភាព) បើកក្នុងល្បឿន ដល់ផ្លូវកោងមិនបានប្រយ័ត្ន ជ្រុលចង្កូតទៅបុកបង្គោលចំណាំងផ្លូវ ហើយម៉ូតូមិនទាន់អស់ល្បឿន ក៏បានជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្នបន្ថែមទៀត បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ។
ក្រោយហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងធ្វើកំណត់ហេតុ និងបានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករួមតំណើររងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ រីឯវត្ថុតាងម៉ូតូខាងលើ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសំរោង៕