ចេញផ្សាយ ថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១
ភ្នំពេញ៖ ទីបំផុតគណបក្សកែទម្រង់កម្ពុជា របស់អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ និងជាអនុប្រធានក្រុមការងារគណបក្សខេត្តកំពង់ចាម បានចាប់កំណើតក្នុងវិថិនយោបាយហើយ។
ដើមខែថ្មី ថ្ងៃទី០១មីនា ឆ្នាំ២០២១នេះ លោក អ៊ូ ចាន់រ័ត្ន បានសម្រេចចិត្តជាមួយសហការី ក្នុងការដាក់ពាក្យបង្កើតគណបក្សកែទម្រង់កម្ពុជា នៅក្រសួងមហាផ្ទៃ ដោយមានលោក ទិន សៃ ជាតំណាងគណបក្ស និងមានទីស្នាក់ការផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ការមិនបង្ហាញមុខលោក អ៊ូ ចាន់រ័ត្ន ជាតំណាង បានត្រឹមបង្ហាញសម្រស់គណបក្សថ្មីរបស់ខ្លួន ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង ណាមួយស្របពេលដែលគណបក្សមួយនៃ បានរចនានិមិត្តសញ្ញា របស់ខ្លួន ប្រហាក់ប្រហែលគ្នាទៅនិងអតីតគណបក្សសង្គ្រោះជាតិ ដោយគណបក្សកែទម្រង់កម្ពុជា មាន រូបក្បាលដំរី ពាំផ្កាឈូកបី នៅចំរង្វង់មូលព្រះអាទិត្យ ដែលអមទៅដោយឆព្វណ្ណរង្សី និងផ្ទៃពណ៌ខៀវ ពិសេសទៅទៀតនោះ គឺមាន អក្សរកាត់ ជាភាសារឡាតាំង CRP ស្រដៀងគ្នា អតីតគណបក្សរបស់លោក ដែលត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយតុលាការកំពូល៕