សង្ស័យស្រវឹងស្រា បើករថយន្តលឿនដូចហោះ ព្រលះបង្គោលចំណាំងផ្លូវបាក់អស់៦ដើម ក្រឡាប់ធ្លាក់ចូលប្រឡាយទឹក

0
926

ចេញផ្សាយ ថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក តូយ៉ូតាព្រូសមួយគ្រឿង បោះពួយយ៉ាងលឿនជ្រុលទៅបុករះបង្គោល​ចំណាំងផ្លូវបាក់អស់ចំនួន៦ដើម ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ជិតស្តុបបាគូរ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក​ តូយ៉ូតាព្រូសមួយគ្រឿង ពណ៌ក្រហម ស៊េរីឆ្នាំ២០០៦​ ពាក់ស្លាកលេខភ្នំពេញ 2BD-5098 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត បោះពួយក្នុងល្បឿ​នយ៉ាងលឿន ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោងងងឹត បានជ្រុលទៅបុករះបង្គោលចំណាំងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន៦ដើម រួចរថយន្តបង្កបានវិលមួយជុំធ្លាក់ចូលប្រឡាយ រងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមានរងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាកទងជំនាញផ្នែកចរាចរណ៍ខណ្ឌ មកវាស់វែងរួចបានស្ទូចយករថយន្តបង្កយករក្សាទុកនៅការិយាល័យចរាចរណ៍ខណ្ឌដង្កោរង់ចាំដោះស្រាយនៅពេលក្រោយ តាមផ្លូវច្បាប់៕