ចេញផ្សាយ ថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១
កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។
ជាមួយគ្នានេះ លោក សុខ លូ បានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ ដោយណែនាំដល់សាធារណជន ដែលមានបំណងចង់រៀបចំពិធីបុណ្យនានា ដែលមិនចាំបាច់ ដូចជាបុណ្យផ្កា បុណ្យបច្ច័យបួន បុណ្យទក្ខិណានុប្បទាន ជាដើម សូមផ្អាកជាបណ្ដោះអាសន្ន លើកលែងចំពោះពិធីបុណ្យចាំបាច់ដូចជា បុណ្យសព បុណ្យគំរប់ខួប៧ថ្ងៃ ១០០ថ្ងៃ ពិធីរៀបអាពាហ៍ពិពាហ៍ ដាច់ខាតត្រូវតែណែនាំដល់ម្ចាស់កម្មវិធី ធ្វើយ៉ាងដូចម្តេចត្រូវកាត់បន្ថយអ្នកចូលរួម ក្នុងមួយតុគឺមានអ្នកចូលរួមតែ៥នាក់ប៉ុណ្ណោះ ហើយអ្នកចូលរួមទាំងអស់ ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពចាប់ពី មួយម៉ែត្រកន្លះឡើងទៅ ត្រូវមានទឹកអាកុល ឬជែលសម្រាប់លាងដៃជានិច្ច។
ការលើកឡើងនេះ របស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយ បងប្អូនពលករ ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស នៅមណ្ឌលចត្តាឡីស័ក ស្រុកប្រាសាទបល័្លង្ក និងស្រុកប្រាសាទសំបូរ សរុបប្រមាណជាង១៣៤នាក់ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឲ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយ លោកស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។ ម្យ៉ាងវិញទៀត មិនត្រូវមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន ចាក់ធុងបាសរាំលេងកំសាន្តជាដើម៕