ម៉ូតូ២គ្រឿង ប្រលះគ្នា មនុស្ស៣នាក់របួសធ្ងន់ នៅផ្លូវជាតិលេខ៤

0
962

ចេញផ្សាយ ថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១

កំពង់ស្ពឺ៖មនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាលកាលពីវេលាម៉ោង០៦និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៤  ចន្លោះគីឡូម៉ែត្រលេខ៧៧-៧៨ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូទី១ម៉ាក  វ៉ាន់ណេត ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សា ឡុ ង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូម៉ាក ZOOMER ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1 AH- 5251 បើកចេញពីផ្លូវលំឆ្លងផ្លូវជាតិលេខ៤ពីលិចទៅកើត បើកបរដោយឈ្មោះ គង់ រស្មី ភេទប្រុស អាយុ២១ឆ្នាំ និងអ្នកជិះពីក្រោយឈ្មោះ ឯម ស្រីណេត ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យអ្នកជិះម៉ូតូទាំងសងខាងរងរបួសធ្ងន់៣នាក់ ក្នុងនោះស្រីម្នាក់។ ក្រោយកើតហេតុ អ្នករងរបួសទាំង៣នាក់ ត្រូវបានរថយន្តឯកជន ដឹកយកទៅព្យាបាល នៅគ្លីនិកឯកជនមួយកន្លែង ក្នុងភូមិតាឡាត់ថ្មី។ ចំណែក ឲម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរ ដើម្បីដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕