ចេញផ្សាយ ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១
កណ្ដាល៖ រោងចក្រខ្សែភ្លើងឃ្យុងស៊ីង ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្ថិតនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានអគ្គិភ័យឆាបឆេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ។
ក្នុងនោះបើតាម របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានអគ្គិភ័យនេះ កម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ ស្រុកខ្សាច់កណ្ដាល បានប្រើរថយន្តពន្លត់អគ្គិភ័យ ស្រុកខ្សាច់កណ្ដាល០១គ្រឿង និងឡានទឹក 7NG ចំនួន០២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២៥គីប ទើបរលត់ទាំងស្រុង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីនៅក្បែររោងបាយ ហើយបានឆាបឆេះផ្នែករោងម៉ាស៊ីន រហូតដល់រោងបាយ តែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ។ ក្នុងហេតុការណ៍នេះ ក៏បានបណ្ដាលឱ្យកម្មករម្នាក់រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។
ដោយឡែក ទំហំនៃការខូចខាតរួមមាន៖ ម៉ាស៊ីនភ្លើងធំ ចំនួន០១គ្រឿង, ម៉ាស៊ីនស្កេនក្រយ៉ៅដៃ១៥គ្រឿង, តុបាយ, កៅអី និងកង្ហាមួយចំនួនផងដែរ។ បើតាមសេចក្ដីរាយការណ៍ រោងចក្រនេះមានម្ចាស់ឈ្មោះ ចាង សាងហូ អាយុ៤៦ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង ដែលរោងចក្រនេះមានកម្មករ កំពុងធ្វើការ ចំនួន១,៦៧៥នាក់ ស្រី១,៣១៨នាក់៕