កម្មករសំណង់ម្នាក់ ត្រូវរថយន្តដឹកទំនិញធន់ធំ ផ្តាច់ជីវិតលើវិថិ ឈ្នះ ឈ្នះ

0
906

ភ្នំពេញ៖ បុរសជាងសំណង់បានជិះម៉ូតូចេញពីធ្វើការត្រលប់ទៅផ្ទះ ជាអលុសលត្រូវរថយន្តដឹកទំនិញធន់ធំ យីឌុប បុកនិងកិនបែកក្បាលធ្លាយខួរបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយហេតុការណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅលើមហាវិថី វិមាន ឈ្នះ ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ហេង ត្រេន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅឈូកវ៉ា១ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹងទំនិញធុនធំយីឌុបមួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-8036 បើកបរតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ខណ:បើកបរមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូម៉ាកនិចមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IE-5772 ធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យម៉ូតូខ្ទាតទៅម្ខាងផ្លូវ ចំណែកជនរងគ្រោះត្រូវរថយន្តបង្កកិនចំក្បាលបែកធ្លាយខួរស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។

ចំណែករថយន្តបង្ក មិនបានឈប់ទេបានព្យាយាមបើករត់គេចរហូតទៅដល់សាលាកូរ៉េ ត្រូវសមត្ថកិច្ច ឃាត់បានរថយន្ត និងព្រូ រីឯតៃកុងឡាន  បានចុះរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការគ្នាជាមួយជំនាញ ចុះធ្វើការវាស់វែងនិងយករថយន្តបង្ក ព្រមទាំងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ និងសាច់ញាតិដឹកយកទៅស្រុកកំណើតចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕