ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុករះម៉ូតូ២គ្រឿង ស្លាប់២និងរបួសធ្ងន់ស្រាល២នាក់

0
1155

ចេញផ្សាយ ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ បុរសម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង បានបង្ករគ្រោះថ្នាក់ចរាចរណ៍ផ្តាច់យកជីវិតមនុស្ស២នាក់ និង២នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ទី២៨ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបចំការដូង ហៅស្តុបផ្សារថ្នល់បត់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា សពជនរងគ្រោះទី១ ឈ្មោះ សុីម វ៉ុល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល័្លង្គ ខេត្តកំពង់ធំ។ សពជនរងគ្រោះទី២ ឈ្មោះ យន ខី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់  រស់នៅភូមិសុជុល ឃុំផាន់ញឹម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ អ្នកទាំង២ជិះម៉ូតូម៉ាក AIR BLADE ពណ៌ក្រហម លាយខ្មៅ ត្រូវបានរថយន្តបង្កបុកពីក្រោយយ៉ាងពេញទំហឹង។

ចំណែកអ្នករងរបួសធ្ងន់ស្រាល២នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយជិះម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ធំ 1J-6737។ ចំណែកជនបង្ករដែលជាអ្នកបើករថយន្ត ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដែរ ដោយបើករថយន្តម៉ាក ហាយលែនឌ័រ ពណ៌ខៀវ ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខភ្នំពេញ 2AS-1871 កំពិតផ្នែកខាងមុខយ៉ាងដំណំ។

តាមប្រភពព័ត៌មានបន្តថា  នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងហាយលែនឌ័រ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2AS-1871 តាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូម៉ាក អ៊ែផ្លេត AIR BLADE ជិះដោយបុរស២នាក់បានបុកនិងអូសជាង២០ម៉ែត្រ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1-6737ទៀត ដែលឈប់រង់ចាំភ្លើងសញ្ញា ជិះដោយបុរស២នាក់បណ្ដាលឲ្យរងរបួសស្រាលម្នាក់ ធ្ងន់ម្នាក់។

ជាមួយគ្នានោះ អ្នកជិះក្នុងរថយន្តបង្កមានប្រុសម្នាក់ និងស្រីម្នាក់ បានចុះមកក្នុងសភាពស្រវឹងស្រាជោគជាំ សំពះគេគ្រប់គ្នារហូតដល់សមត្ថកិច្ចមកដល់ ក៏ចាប់យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ  ដើម្បីរង់ចាំបញ្ជូនបន្តទៅតាមជំនាញចរាចរណ៍តាមនីតិវិធី។

ព្រមជាមួយគ្នានេះ សមត្ថកិច្ចជំនាញកក៏បានចុះមកវាស់វែងស្ទួចយកម៉ូតូនិងរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រង់ចាំដោះស្រាយតាមច្បាប់  ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ សាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕