ចេញផ្សាយ ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១
កំពង់ធំ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យកំពង់ធំ កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានមានប្រថា មន្ត្រីរាជការក្នុងអង្គភាពរដ្ឋបាលខេត្ត ក្រុង ស្រុកទាំង៩ និងមន្ទីរអង្គភាព ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងទទួលបានវ៉ាក់សាំង Sinovac របស់ប្រទេសចិន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះតទៅ។
ក្រោយបញ្ចប់ការចុះជួបជាមួយពលរដ្ឋនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យកំពង់ធំ ឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរចុះពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកបារាយណ៍ ស្រុកតាំងគោក ស្រុកប្រាសាទបល្ល័ង្ក ស្រុកកំពង់ស្វាយ និងស្រុកស្ទោង។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់នូវវ៉ាក់សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនមានការយកថវិកានោះទេ។
ឯកឧត្តម សុខ លូ បន្តថា ខេត្តកំពង់ធំយើងកន្លងមក បានរងឥទ្ធិពល នៃការឆ្លងជំងឺកូវីដ-១៩ មកពីតាមបណ្តាខេត្តផ្សេងៗ ពោលគឺមិនមានជំងឺនេះ ផ្ទុះឡើងឯងៗ នៅក្នុងសហគមន៍នោះទេ ដូច្នេះប្រការដែលយើងបានចាក់វ៉ាក់សាំង គឺយើងទទួលបានការគាំពារ និងការការពារបានរហូតដល់ទៅក្នុងរង្វង់ ៩០% រួចផុតពីការឆ្លងជំងឺដ៏សាហាវនេះ។
ឯកឧត្តមអភិបាល ខេត្តកំពង់ធំ ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។
ដូចគ្នានេះ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់មន្ត្រីរាជការ និងបងប្អូនទាំងអស់ សូមចូលរួមចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់គ្នាៗតបតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក តាមពេលវេលាកំណត់ ហើយការចាក់វ៉ាក់សាំងនេះ នឹងធ្វើការចាក់ជាបន្តបន្ទាប់ទៀតមិនមែនតែមួយថ្ងៃនេះឡើយ៕