ចេញផ្សាយ ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសពីស្ត្រីម្នាក់ទៀត អាយុ៦១ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល យោងរបាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ៦១ឆ្នាំ រស់នៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទីយប់។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបន្តថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្រ្តីខាងលើ ត្រូវបានយកសំណាកនៅមន្ទីរពេទ្យ ខេមាអន្តរជាតិ បឹងកេងកង១ និងទទួលបានលទ្ធផលថា មានវិជ្្ជាមានកូវីដ១៩ ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ហើយស្ត្រីខាងលើត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩:១០នាទី ព្រឹក។
សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលបន្តទៀតថា អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំាំងពីចូលមកសំរាកដំបូង ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះ តាមបច្ចេកទេស ដោយអ្នកជំងឺកាន់តែមានសភាពធ្ងន់ធ្ងរឡើង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទីយប់។
ក្នុងនោះ បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្រ្តីជនជាតិខ្មែរអាយុ ៦១ឆ្នាំខាងលើនេះ ស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពី វីរុសកូវីដ១៩៕