លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ពលរដ្ឋគ្រប់ត្រូវគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ បើទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ

0
952

ចេញផ្សាយ ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីចាក់វ៉ាក់សាំងកូវីដ១៩ ជូនមន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា នៃក្របខណ្ឌក្រសួង ចំនួន៧៨៧នាក់ នាព្រឹកថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ការទទួលបានវ៉ាក់សាំងសម្រាក់ចាក់នាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា តាមរយៈការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាត្បាតយ៉ាងខ្លាំង ស្របតាមអានុសាសន៍របស់សម្តេច ដែលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជ្រាបការចាក់វ៉ាក់សាំងនេះឲ្យបាន ១លានដូស ក្នុងរយៈពេល ១ខែ។

លោកជំទាវក៏បានសំណូមពរឲ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់គ្នាបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។

លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និង មានទឹកចិត្តប្រកបដោយព្រហ្មវិហារធ៌ម និងពោពេញទៅដោយចិត្តសប្បុ រស។ ជាមួយគ្នានោះ លោកជំទាវ ក៏សូមថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូពេទ្យ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស អនុគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រុមការងារយុវជនក្រៅប្រព័ន្ធ (ក្រោមការចង្អុលបង្ហាញនិងដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជា) និងក្រុមហ៊ុន Royal Group  ដែលបានសម្របសម្រួល និង បំពេញភារកិច្ចដ៏ថ្លៃថ្លា មកចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្នុងក្រសួងនាពេលនេះ។

ដូចគ្នានេះ លោកជំទាវក៏បានគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា លោកវេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមទេវធីតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម តាមជួយបីបាច់ប្រោសព្រំ នាំមក ជូនព្រះរាជាណាចក្រកម្ពុជា នូវភាពត្រជាក់ត្រជុំ ក្សេមក្សាន្ត សុភមង្គល និងវឌ្ឍនភាព ចាកផុតពីជំងឺ កូវីដ១៩ និងសូមប្រកបដោយពុទ្ធពរ ទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕