ចេញផ្សាយ ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនកម្មករ-កម្មករនីរោងចក្រ ដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ។
ក្នុងឱកាសនោះផងដែរ លោក ឯក ឃុនដឿន ក៏បាននាំយកអំណោយរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនកម្មករ-កម្មករនី ដែលស្ថិតនៅផ្ទះជួលលេខ10អា ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន៥៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន សាច់ជ្រូក២គីឡូក្រាម និង បន្លែ០១កញ្ចប់។
ឈ្លៀតក្នុងឱកាសនេះ លោកអភិបាលខណ្ឌទួលគោក ក៏បានធ្វើការណែនាំបងប្អូនកម្មករ-កម្មការិនីទាំងអស់ ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ និងឈានទៅដល់ការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល រស់នៅធម្មតា តាមបែបគន្លងថ្មី ជាពិសេស ៣ ការពារ ៣ កុំ ៖
– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត។
– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា។
ក្នុងនាមអាណាព្យបាល ខណ្ឌទួលគោក លោក ឯក ឃុនដឿន តែងតែដឹកនាំក្រុមការងារ ចុះជួយ និងជួបបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប្រចាំ ដើម្បីបំពេញតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានចាត់ទុក្ខក្តីលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាក្តីលំបាករបស់លោក ដោយមិនថា ថ្ងៃឬយប់ លោកតែងតែចុះជួប និងជួយពលរដ្ឋជាប្រចាំមិនដែលអាក់ខានឡើយ ដែលជាថ្នាក់ដឹកនាំគំរូក្នុងមូលដ្ឋាន នៃខណ្ឌទួលគោកទាំងមូល៕