អភិបាលខេត្តកំពង់ធំ ជម្រុញមន្រ្តីក្រោមឱវាទ ខិតខំអនុវត្តវិធានការ ហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

0
786

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១

កំពង់ធំ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំប្រចាំខែ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមប្រព័ន្ធវីដេអូ Microsoft Teams នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍លើកឡើងជុំវិញ ប្រទេសកំពុងទទួលរងគ្រោះនូវព្រឹត្តិការណ៍ ២០កុម្ភ: ឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ មិនទាន់មានការធូរស្រាល។ ហើយថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ រហូតដល់ចេញសេចក្តីសម្រេច កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ 

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ ក៏បានជម្រុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវខិតខំអនុវត្តនូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់  ដែលខ្លឹមសារនៃសេចក្តីសម្រេចនេះ ប្រព្រឹត្តទៅមានរយៈពេល ១៤ថ្ងៃ ដោយអនុវត្តគិតចាប់ពីម៉ោងសូន្យថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូរឹង១៩ ពីភូមិសាស្រ្តខេត្តមួយទៅភូមិសាស្ត្រខេត្តមួយទៀត។

ដូចគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ស្រុកដែលមានព្រំប្រទល់ជាប់នឹងខេត្ត សូមបង្កើនការយកចិត្តទុកដាក់ទៅលើការអនុវត្តការងារ និងតួនាទីរបស់ខ្លួនឲ្យបានហ្មត់ចត់ ជាពិសេស អភិបាលស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ត្រូវខិតខំចុះសួរសុខទុក្ខបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះឲ្យបានញឹកញាប់ផងដែរ៕