លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឱ្យពលរដ្ឋអត់ធ្មត់ក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីចូលរួមទប់ស្តាត់ កូវីដ-១៩ និងកាត់ផ្តាច់ការចម្លង នៃព្រឹត្តការណ៍ ២០កុម្ភៈ

0
982

ចេញផ្សាយ ថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន៦០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ ក្នុងអំឡុងពេលបិទខ្ទប់ មកពីភូមិ១៤.១៦និង១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកជំទាក៏បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន បានគិតគូរនិងព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេស ក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយសម្ដេចបានចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។

ជាមួយគ្នានេះ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយចូល​រួមទាំងអស់គ្នា ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុ​​សាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនគឺ ៣កុំនិង៣ការពារ។

លោកជំទាវបានបន្តទៀតថា ជំងឺកូវីដ១៩នេះ កាចសាហាវ និងមានការចម្លងលឿន នៅពេលដែលឈឺមិនអាចមាន បងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅក៏មិនមានអ្នកទៅធ្វើបុណ្យដូចកាលពីមិនទាន់មានកូវីដ-១៩ដែរ។ លោកជំទាវបានបន្តទៀតថា នៅក្នុងអំឡុងពេលបិទខ្ទប់នេះ សូមបងប្អូនទាំងអស់គ្នាអត់ធ្មត់ និងមានការយោគយល់ខ្ពស់ និងទ្រាំលំបាកទាំងអស់គ្នាបន្តិច ដើម្បីកាត់ផ្តាច់ពីការចម្លងនៃព្រឹត្តិការណ៍២០កុម្ភៈ។ បន្ទាប់ពីការបិទខ្ទប់ត្រូវបានបញ្ចប់ នោះបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរជាប្រ​ក្រតី និងប្រកបរបររកទទួលទានប្រចាំជីវិតដូចធម្មតាឡើងវិញ៕