ចេញផ្សាយ ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ យុវជនស៊ីក្លូ ដោយក្តីអាណិតស្រលាញ់ និងដើម្បីចូលរួមអភិរ័ក្សស៊ីក្លូផងនោះ ជាថ្មីម្តងទៀត ក្រុមយុវជនស៊ីក្លូ បានរ៉ៃអង្គាសថវិកា ពីបងប្អូនសប្បុរសជន ដើម្បីចូលរួមជួយដល់តាស៊ីក្លូ។
ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ ក្រុមអ្នកប្រកបរបររកស៊ីធាក់ស៊ីក្លូ ដែលភាគច្រើនជាមនុស្សវ័យចំណាស់ បាននិងកំពុងប្រឈមបញ្ហាជីវភាពយ៉ាងខ្លាំងក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការបង់ថ្លៃឈ្នួលស៊ីក្លូ ជាដើម។
បញ្ហាប្រឈមទាំងនេះ របស់តាស៊ីក្លូ គឺក្រោយពីប្រទេសកម្ពុជា បានផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍ ហើយទីក្រុងភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ត្រូវបានបិទខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍នេះឯង។ រីឯផ្សារមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ក៏ត្រូវបានបិទជាបន្តបន្ទាប់ ក្នុងរយៈពេល១៤ថ្ងៃដូចគ្នា បញ្ហានេះធ្វើឱ្យក្រុមតាស៊ីក្លូ មិនអាចប្រកបមុខរបរដូចមុនបានទៀតឡើយ។
ដោយក្តីស្រលាញ់ និងការអាណិតអាសូរ ពិសេសដើម្បីចូលរួមអភិរ័ក្សស៊ីក្លូ ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ បានប៉ះ និងបានជិះស៊ីក្លូផងនោះ លោក អ៊ីវ សំណាង តំណាងក្រុមយុវជនស៊ីក្លូ បានបើកយុទ្ធនាការជាថ្មី រ៉ៃអង្គាសថវិកាបងប្អូនសប្បុរសជន ដែលអាណិតស្រលាញ់ និងចង់ជួយតាស៊ីក្លូ ភាគច្រើនជាវ័យចំណាស់ផងនោះ ទទួលបានថវិកាប្រមាណជាង១ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
ដោយមិនបង្អង់យូរ លោក អ៊ីវ សំណាង និងក្រុមការងារ បានធ្វើការរៀបចំ និងផ្តល់ថវិកាទាំងនេះ ដល់តាស៊ីក្លូចំនួន១០៦នាក់នៅទីក្រុងភ្នំពេញ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១៥០ដុល្លា ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនដល់ពួកគាត់ ក្នុងគ្រាដ៏លំបាកនេះ ដែលទីក្រុងភ្នំពេញត្រូវបានបិទខ្ទប់ ហើយពួកគាត់ម្នាក់ៗ មិនអាចចេញប្រកបរបរធាក់ស៊ីក្លូបានទៀតនោះ។
ក្នុងទឹកមុខរីករាយ ដែលមិនធ្លាប់បានទទួលជំនួយដ៏ច្រើនបែបនេះ លោកតាស៊ីក្លូ ម្នាក់ៗញញឹមបិតមាត់មិនជិត ជូនពរជ័យដល់បងប្អូនសប្បុរជន ដែលបានជួយពួកគាត់ក្នុងគ្រាដ៏លំបាកនេះ តាមរយៈលោក អ៊ីវ សំណាង និងក្រុមយុវជនស៊ីក្លូ។
ជួយគ្នាក្នុងគ្រាក្រ និងទុក្ខលំបាក គឺជារឿងដ៏ប្រពៃបំផុត ព្រោះតាស៊ីក្លូ ជាក្រុមដែលងាយប្រឈមទាំងការឆ្លងរាលដាលជំងឺកូវីដ១៩ រួមទាំងការដាច់ស្បៀងអាហារផងដែរ ព្រោះថាពួកគាត់រាល់ថ្ងៃអាស្រ័យតាមសំយាបផ្ទះអ្នកដ៏ទៃ និងក្រោមដើមឈើទាំងថ្ងៃទាំងយប់ ដោយគ្មានជម្រក ឬឆ្នាំងបាយ សមរម្យដូចអ្នកផងទូទៅឡើយ។
ពិសេសតាស៊ីក្លូ ពួកគាត់គឺសុតតែជាអ្នកជនបទស្រុកស្រែចំការ ឡើងមកប្រកបរបររកស៊ីធាក់ស៊ីក្លូ ប្រើដោយកម្លាំងបាយ ដើម្បីចិញ្ចឹមជីវិត និងគ្រួសារពីរមួយថ្ងៃទៅមួយថ្ងៃ រហូតដល់កម្លាំងទៅលែងរួច និងធាក់ស៊ីក្លូមិនអាចទៅមុខបានតទៅទៀតនោះ ទើបមុខរបរមួយនេះ ពួកគាត់ត្រូវបញ្ចប់ដោយបន្សល់នូវពាក្យសោកស្តាយ ស្តាយខ្លួនមិនអាចជួយរកថវិកាដើម្បីផ្គត់ផ្គង់គ្រួសារបានតទៅទៀតនោះ៕