ចេញផ្សាយ ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត បានសម្រេចបិទភ្លាមៗ អាគារស្នាក់នៅចំនួន២កន្លែង និងបុរីដួងច័ន្ទ រួមទាំងទីតាំង៣បន្ថែម ក្រោយពីរកឃើញ មានករណីវិជ្ជមានកូវីដ១៩ ទៅលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
សូមជំរាបថា បុរសជនជាតិឥណ្ឌូនេស៊ី ដែលមានវិជ្ជមានកូវីដ១៩ គឺបានស្នាក់នៅក្នុងបុរីដួងច័ន្ទ ផ្ទះលេខ១៣៤B ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ ដែលបានចុះដឹកនាំកម្លាំងទៅដល់ទីតាំងផ្ទាល់ទាំងយប់ និងសម្រេចបិទខ្ទប់មិនអនុញ្ញាតឲ្យមានការចេញចូល ចំនួន៣ទីតាំងភ្លាមៗ ដោយទីតាំទី១នៅក្នុងបុរីដួងច័ន្ទ ដែលមានភរិយា បុរសជនជាតិឥណ្ឌូនេស៊ី វិជ្ជមានជំងឺកូវីដ១៩ កំពុងស្នាក់នៅ និងពីរទីតាំងផ្សេងទៀត គឺអាគារស្នាក់នៅស្ថិតនៅក្នុងភូមិ.សង្កាត់/ក្រុងប៉ោយប៉ែត ខាងលើ មានការសង្ស័យពាក់ព័ន្ធ។
លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ទទួលបានព័ត៌មាន ពីក្រុមគ្រូពេទ្យជំនាញ ដែលបានយកសំណាកបុរសជនជាតិឥណ្ឌូនេស៊ីទៅពិនិត្យ ជាលទ្ធផលរកឃើញវិជ្ជមាន ជំងឺកូវីដ១៩ ភ្លាមៗកម្លាំងសមត្ថកិច្ច បានចុះបិទទីតាំងទាំង៣ខាងលើទាំងយប់ ដោយមិនអនុញ្ញាត ឱ្យមានការចេញចូលឡើយ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ ទាំងអ្នកប៉ះពាល់ផ្ទាល និងប្រយោល ជាមួយអ្នកជំងឺខាងលើ យកសំណាក់ទៅពិនិត្យ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ផងថា បុរសជនជាតិឥណ្ឌូនេស៊ី ដែលរកឃើញវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមង្គលបុរី ក្រោយពីសាកសួរដើម្បីស្វែងរកអ្នកពាក់ព័ន្ធ កម្លាំងសមត្ថកិច្ចបានចុះហ៊ុំពទ្ធ័ផ្ទះលេខ១៣៤B ក្នុងបុរីដួងច័ន្ធ ដោយសារភរិយាជនជាតិឥណ្ឌូនេស៊ីរូបនេះកំពុងស្នាក់នៅ និងបន្តបិទបុរីនេះទាំងស្រុង ព្រមទាំងអាគារស្នាក់នៅ២ទីតាំងទៀត។ ដោយឡែកនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរ បានសម្រេចបិទ៣ទីតាំងបន្ថែមទៀតដែលមានការពាក់ព័ទ្ធ ដោយសរុបអាជ្ញាធរបានសម្រេខបិទ៦ទីតាំង ក្នុងក្រុមប៉ោយប៉ែត ជុំវិញការជាប់ពាក់ព័ន្ធជាមួយបុរសជនជាតិ ឥណ្ឌូនេស៊ី ដែលមានវិជ្ជមានកូវីដ១៩៕