អាជ្ញាធរខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន២នាក់

0
1042

ចេញផ្សាយ ថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២នាក់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល រដ្ឋបានខេត្តកំពង់ធំ បានបង្ហាញថា នៅថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២ករណី នៅភូមិតាំងស្ទោង ឃុំតាំស្រឡៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ដូចគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩នោះផងដែរ គឺទី១ ឈ្មោះ ហង្ស ធួក ភេទស្រី អាយុ៦៤ឆ្នាំ និងទី២ ឈ្មោះ ឈិន ស៊ីណា ភេទស្រី អាយុ២៩ឆ្នាំ ធ្វើការនៅរោងចក្រស៊ីងគង់។ ក្នុងនោះសម្រាប់អ្នកពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ធំ បានស្រាវជ្រាវរកឃើញថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បុគ្គលទាំងពីរខាងលើ បានចូលរួមជាមួយមនុស្សចំនួន៥នាក់ផ្សេងទៀត ដឹកសព ឈ្មោះ សោម សាន ដែលបានស្លាប់ដោយជំងឺលើសឈាម ពីមន្ទីរពេទ្យព្រះកុសុមៈ មកភូមិតាំងស្ទោងដើម្បីធ្វើបុណ្យ។ ក្នុងនោះ មុននឹងចេញពីមន្ទីរពេទ្យ អ្នកទាំង៧នាក់នេះ និងសព ត្រូវបានក្រុមគ្រួពេទ្យ យកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ និងបញ្ជាក់ថាអវិជ្ជមាន ទើបអនុញ្ញាតឱ្យធ្វើតំណើរមកខេត្តកំពង់ធំ។

រដ្ឋបាលខេត្តកំពង់ធំ បញ្ជាក់ទៀតថា ពេលមកដល់ភូមិតាំងស្ទោង អាជ្ញាធរបានដាក់អ្នកដែលរួមតំណើរដឹកសពទាំងអស់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះភ្លាមៗ។ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកបុគ្គលទាំង៧នាក់ខាងលើទៅពិនិត្យ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ហើយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ទទួលបានលទ្ធផលវិជ្ជមានចំនួន២នាក់ និងអវិជ្ជមានចំនួន៥នាក់។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ទាំង២នាក់ខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំណែកអ្នកជាប់ពាក់ព័ន្ធ៥នាក់ទៀត ត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯង។ ក្នុងនោះអាជ្ញាធរខេត្តកំពង់ធំ ក៏បានអំពាវនាវ ដល់អ្នកពាក់ព័ន្ធ ទាក់ទងមកអាជ្ញាធរដើម្បីយកសំណាក និងធ្វើតេស្តរកជំងឺកូវីដ១៩ ឱ្យបានឆាប់បំផុត ដើម្បីចៀសវាងការរីករាលដាលកាន់តែខ្លាំងទៅក្នុងសហគមន៍៕