ចេញផ្សាយ ថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ច អំពីជីវភាព និងសុខទុក្ខក្នុងការរស់នៅរបស់បងប្អូនប្រជានុរាស្រ្ត ជាកូនចៅ ជាពិសេសកូនចៅ ប្រជានុរាស្រ្តដែលកំពុងរស់នៅក្នុងតំបន់ក្រហម នៃរាជធានីភ្នំពេញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមសម្រាប់សម្រាលទុក្ខលំបាកជូនប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គ តាមរយៈសាលារាជធានីភ្នំពេញ។
ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងហ្លួងម៉ែ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម រួមមាន អង្ករចំនួន១០៥តោន មីចំនួន៤,៣០០កេសតូច ត្រីខចំនួន៤,៣០០យួរ ទឹកសុទ្ធ ចំនួន៦៥០កេស និងម៉ាស់ចំនួន១២,០០០បន្ទះ នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅ និងសូមចារឹកទុកក្នុងក្រអៅបេះដូងនូវព្រះរាជសកម្មភាពដ៏វិសេសវិសាល នៃព្រះអង្គទាំងទ្វេ ដែលបានដង្ហែតាមយ៉ាងខ្ពង់ខ្ពស់បំផុតនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ក្នុងការជួយសម្រាលទុក្ខលំបាក និងតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំនៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញនូវព្រះរាជហឫទ័យប្រកបដោយទសពិរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្រ្តកម្ពុជា៕