អាជ្ញាធរខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៣នាក់បន្ថែមទៀត នៅស្រុកស្ទោង

0
1132

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ស៊ាង គឹមសាន និងអ្នកចូលរួមបុណ្យស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា នៅភូមិលាបទង ឃុំកំពង់ចិនត្បូង សូមអញ្ជើញមកធ្វើតេស្តយកសំណាកនៅសាលាបឋមសិក្សាព្រះនាង ដែលមានទីតាំងស្ថិតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តម សុខ លូ បន្តថាអាជ្ញាធរខេត្ត បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៣នាក់បន្ថែមទៀត ក្នុង​ចំណោមអ្នកមកយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ចំនួន១០៤នាក់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងស្រុកស្ទោង។

ដូចគ្នានេះ ឯកឧត្តម អភិបាល ថាបន្ទាប់ពីទទួលបានព័ត៌មានមានអ្នកឆ្លងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ធំ បាន​ចេញសេចក្តីសម្រេច ស្តីពី ការបិទខ្ទប់ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែល​ជា​តំបន់​មាន​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាល​នៃ​ជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រដែលបានត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ​មិនឱ្យឆ្លងរាលដាល​ទៅ​តំបន់​ផ្សេង​ទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានសំណូមពរដល់បងប្អូនដែលធ្លាប់មានការពាក់ព័ន្ធ ហើយ​មានការសង្ស័យ សូមពិនិត្យតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណី​មាន​ការប្រែប្រួលខុសប្រក្រតី ដូចជា ឡើងកម្ដៅលើស៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវប្រញាប់​ទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕