ចេញផ្សាយ ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបិទខ្ទប់ការចេញចូល ជាបណ្ដោះអាសន្ន ផ្សារកន្រ្តក ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ការចេញសេចក្តីប្រកាសបិទផ្សារខាងលើនេះ ក្រោយរដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី ចំនួន១៥នាក់ ដែលពេលនេះអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យ ដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបហើយ។
ជាមួយគ្នានេះ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង១៥នាក់ មានអ្នកជំងឺម្នាក់ឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្លាប់បានចេញ ចូលផ្សារកន្រ្តក ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅចន្លោះថ្ងៃទី២៥ ទៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ទើបរដ្ឋបាលខេត្ត សម្រចបិទផ្សារកន្ត្រកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។
ព្រមជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ អំពីមុខសញ្ញាពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលបានបិទខ្ទប់ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕