អាជ្ញាធរ ខេត្តព្រះសីហនុ សម្រួលដល់អ្នកជំងឺកូវីដ១៩ ជាសះស្បើយ ដោយការដឹកជញ្ជូនដល់លំនៅដ្ឋាន

0
802

ចេញផ្សាយ ថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១

ព្រះសីហនុ៖ ក្នុងនាមជាអាជ្ញាធរខេត្ត ដែលមានក្តីបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ១៩ ក្រោយទទួលការព្យាបាលបានជាសះស្បើយ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានរៀបចំកម្លាំងក្នុងការដឹកជញ្ជូនពួកគាត់ដល់លំនៅដ្ឋាន។

ក្នុងនោះ បើយោងរបាយការណ៍ ពីមន្ទីរពេទ្យបង្អែកខេត្ត បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ​២០​២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដឹកជញ្ជូនអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងខេត្តព្រះសីហនុ ចំនួន១៣១នាក់ទៀត វិលត្រឡប់ទៅផ្ទះ និងកន្លែងស្នាក់នៅរបស់ពួកគាត់វិញ។

ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយ ឯកឧត្តម ​ម៉ាង ស៊ីណេត អភិបាលរងខេត្ត ដោយលោកបានផ្តល់មតិណែនាំ បន្ថែមអំពីវិធានការថែទាំសុខភាព និងបង្ការកុំឱ្យមានការចម្លងកូវីដ១៩ ពិសេសវិធាការ ៣កុំ និង៣ការពាររបស់រដ្ឋាភិបាល ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

ជាមួយគ្នានេះ បើតាមក្រុមគ្រូពេទ្យបានបញ្ជាក់ថា អ្នកជាសះស្បើយ នឹងមានជាបន្តបន្ទាប់ទៀត និងថាប្រសិនបើការចូលរួមការពារ របស់ប្រជាពលរដ្ឋតាមមូលដ្ឋានបានល្អ និងធ្វើឱ្យចំនួនអ្នកជំងឺឆ្លងថ្មី មានការថយចុះ ហើយស្ថានភាព និងវិលទៅរកភាពល្អប្រសើរឡើងវិញឆាប់ៗនេះ៕