ចេញផ្សាយ ថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១
សៀមរាប៖ ផ្លូវបេតុងសហគមន៍មួយខ្សែប្រវែងជាង៣០០ម៉ែត្រ ដែលកើតចេញពីការរៃអង្គាសថវិកា១០០ភាគរយរបស់សហគមន៍ ត្រូវបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងភូមិព្រះដាក់។
ផ្លូវបេតុងសហគមន៍នេះ តភ្ជាប់ផ្លូវកៅស៊ូទៅនឹងផ្លូវបេតុងដែលមានស្រាប់ និងបានធ្វើឱ្យផ្លូវឆ្លងកាត់ក្នុងភូមិព្រះដាក់ ដែលធ្លាប់តែជាផ្លូវដីសក្លាយជាផ្លូវមួយដ៏ស្រស់ស្អាត លែងមានបញ្ហាហុយដី និងបង្កើតបានជាឱកាសថ្មីៗដល់អ្នកភូមិដែលរស់នៅតាមដងផ្លូវផងដែរ។
នេះមិនមែនជាលើកទីមួយទេ ដែលអ្នកភូមិព្រះដាក់ បានបង្ហាញភាពជាម្ចាស់នៅលើភាពស្រស់ស្អាត អនាម័យ បរិស្ថាននៅក្នុងសហគមន៍របស់ខ្លួន តួយ៉ាង ដូចជាការរៀបចំការ៉ូឡាផ្លូវដើរ ការចូលរួមដាំដើមផ្កាលម្អតាមមុខផ្ទះ ការដាក់ពង្រាយធុងសំរាម និងការថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អ តាមរយៈការបង្កើតសេវា”សហគមន៍ស្វ័យគ្រប់គ្រងសំរាម”ក្នុងពេលកន្លងមក។
ក្នុងនាមរដ្ឋបាលស្រុក ឃឹម ហ្វីណង់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដែលបានរួមកំលាំងគ្នា ដើម្បីសាងសង់ផ្លូវបេតុងមួយខ្សែនេះឡើង។ លោក ឃឹម ហ្វីណង់ ក៏អរគុណសម្រាប់ស្មារតីចូលរួម អរគុណដែលបានធ្វើជាគំរូដ៏ប្រពៃនៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាព និងភាពទាក់ទាញនៅក្នុងសហគមន៍។ លោកថា ប្រសិនបើគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែមានការយល់ឃើញ និងមានការចូលរួមបែបនេះ នោះលោកអភិបាលស្រុកជឿជាក់ថា យើងនឹងអាចដោះស្រាយបាននូវរាល់តម្រូវការចាំបាច់នៅក្នុងមូលដ្ឋានរបស់ស្រុកយជាក់ជាមិនខាន។
ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុក ក៏សូមថ្លែងអំណរគុណជាពិសេសដល់ ឯកឧត្តម ប៉ាង សុផល លោកប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ មេភូមិ លោក សឿម សាន លោក ម៉ាញ ឧត្តម ព្រះសង្ឃមកពីវត្តព្រះដាក់ យុវជនសសយក និងប្រជាពលរដ្ឋភូមិព្រះដាក់ជាច្រើនរូបទៀត ដែលបានចូលរួមឧបត្ថម្ភជាថវិកា ស៊ីម៉ង់ត៍ ថ្ម ខ្សាច់ សម្ភារៈ និងកំលាំងពលកម្ម ដើម្បីផ្លូវបេតុងសហគមន៍មួយខ្សែនេះអាចលេចចេញជារូបរាងឡើងបាន។ ក្នុងនោះ លោកក៏បានចូលរួមថវិកាផ្ទាល់ខ្លួនចំនួន៥លានរៀល ដើម្បីបង្ហើយគម្រោងនេះផងដែរ៕