ចេញផ្សាយ ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ៖ លោក ឡូត ផារី អតីតចៅក្រម សាលាដំបូងខេត្តព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋរងគ្រោះប្ដឹងទៅក្រសួងយុត្តិធម៌ និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមអំពីភាពមិនប្រក្រតី វិនិច្ឆ័យចេញសាលក្រមដោយខុសនឹងគោលការណ៍នីតិវីធី និងអយុត្តិធម៌។ ចៅក្រមរូបនេះ បានកាត់ក្ដីឱ្យប្រជាពលរដ្ឋពីម្ចាស់បំណុល ១៨២,៦៨២$ (មួយរយប៉ែតសិបពីរពាន់ ប្រាំមួយរយប៉ែតសិបពីរដុល្លារសហរដ្ឋអាមេរិក) ក្លាយទៅជាកូបំណុល ដោយត្រូវសងប្រាក់ ៨០,០០០,០០០លានរៀល ពោលគឺប្ដឹងទាមទារលុយពីគេ មិនបានហើយ បែរជាត្រូវជំពាក់លុយគេទៅវិញ ឬដូចបុរាណកាល និយាយតៗគ្នាថា “ម្ចាស់គោជាប់គុក ចោររួចខ្លួន”។
អ្នកច្បាប់នានា លើកឡើងថា ទង្វើរបស់លោក ឡូត ផារី បច្ចុប្បន្នជាចៅក្រមសាលាដំបូងខេត្តស្វាយរៀង និងជាអតីតចៅក្រមសាលាដំបូងខេត្តព្រះសីហនុ គឺជាការកាត់ក្ដីប្រាស់ចាកដោយបំពានច្បាប់ និងរំលោភរដ្ឋធម្មនុញ្ញ ដោយសារតែចៅក្រមរូបនេះ មានភាពខ្វះចន្លោះក្នុងការពិនិត្យភស្ដុតាង និងលំអៀងក្នុងការសម្រេចសេចក្ដី ពោលគឺអំពើរបស់លោក ឡូត ផារី ទៀតសោធ គឺមានការប្រាសចាកពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់នូវវិស័យយុត្តិធម៌កម្ពុជាក្នុងការឆ្ពោះទៅរកនីតិរដ្ឋ និងជាពិសេស ក្រសួងយុត្តិធម៌បាននិងកំពុងយកចិត្តទុកដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងការធានាបាននូវយុត្តិធម៌សង្គម និងគោលដៅក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់នៃសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្ត ច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ និងដើម្បីលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ចៅក្រម។ ចៅក្រមប្រៀបដូចជាអាជ្ញាកណ្ដាលក្នុងការកាត់សេចក្ដីផ្សេងៗសម្រាប់ភាគីជម្លោះទាំងសងខាង។ ចៅក្រមដែលកាត់ក្ដីដោយគ្មានភាពយុត្តិធម៌ ចៅក្រមនោះប្រកាន់នូវអគតិទាំង៤យ៉ាង។ តើអគតិទាំង៤យ៉ាងនោះមានអ្វីខ្លះ ដែលចៅក្រមគ្រប់រូបត្រូវតែលះបង់ចោល?ក្នុងនាមជា អាជ្ញាកណ្ដាលយើងមិនអាចលំអៀងទៅកាន់ខាងណាម្ខាងឡើយ ព្រោះបើលំអៀងខាងស្ដាំ និងអយុត្តិធម៌ចំពោះខាងឆ្វេង ហើយបើលំអៀងខាងឆ្វេងច្បាស់ជាខាងស្ដាំមិនសុខចិត្ត។ កាត់សេចក្ដីដោយលះបង់នូវអគតិទាំង បួន ពោលគឺ
១.ឆន្ទាគតិ ៖ សេចក្ដីលំអៀងព្រោះស្រលាញ់
២.ទោសាគតិ ៖ សេចក្ដីលំអៀងព្រោះស្អប់
៣.មោហាគតិ ៖ សេចក្ដីលំអៀងព្រោះល្ងង់
៤. ភយាគតិ ៖ សេចក្ដីលំអៀងព្រោះខ្លាច បុណ្យខ្លាចអំណាច ឬខ្លាចចិត្តគេ។
ធ្លាប់ជាចៅក្រម កាន់សំណុំរឿងនៅតុលាការខេត្តព្រះសីហនុ ធ្វើឱ្យប្រជាពលរដ្ឋស្រក់ទឹកភ្នែក រងនូវអំពើអយុត្តិធម៌ តើអ្នកបន្ទាប់នៃអំពើ លំអៀងដោយអគតិទាំងបួននេះ សម្រាប់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ជាជនរងគ្រោះបន្ទាប់ឬ?៕