ខេត្តកំពង់ធំ រកឃើញអ្នកកើតកូវីដ១៩ ចំនួន១៩នាក់ ជាសះស្បើយ៧នាក់ ស្លាប់១នាក់
ចេញផ្សាយ ថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
កំពង់ធំ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៩នាក់ ជាសះស្បើយចំនួន៧នាក់ និងស្លាប់ចំនួន០១នាក់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្តីប្រកាសព័ត៌មានបន្តថា យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្្ជមានជំងឺកូវីដ១៩ ចំនួន១៩នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភះ ចំនួន៩នាក់ និងពលករមកពីប្រទេសថៃចំនួន១នាក់។
សេចក្តីប្រកាសព័ត៌មានបន្តថា រដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគកូវីដ១៩ឱ្យបានឆាប់បំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បន្ថែមទៀត។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកមានវិជ្ជមានកូវីដទាំង១៩ខាងលើ សូមរួសរាន់ទាក់ទងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវ៕