ប្រជាពលរដ្ឋរងគ្រោះដីធ្លីចំនួន៣៧គ្រួសារ នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ស្នើសុំសម្តេចប្រមុខរដ្ឋាភិបាល ជួយដល់ពួកគាត់បានដីគ្រប់គ្រង និងសង់លំនៅដ្ឋានរស់នៅ

0
1018

ចេញផ្សាយ ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ រងគ្រោះដីធ្លីចំនួន៣៧គ្រួសារ រយៈពេលជាង៦ឆ្នាំ នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្នើសុំដោយទទូច ដល់សម្តេចប្រមុខរដ្ឋាភិបាលជួយដល់ពួកគាត់។

ការស្នើសុំរបស់ប្រជាពលរដ្ឋរងគ្រោះទាំង៣៧គ្រួសារនេះ ក្រោយលោក ទី មុនិន្ទ អតីតព្រះរាជអាជ្ញារង ខេត្តកំពង់ឆ្នាំង មុនផុតអាណត្តិ បានចុះអនុវត្តសាលក្រមដោយបង្ខំយ៉ាងអយុត្តិធម៌ ធ្វើឱ្យខូចខាត និងបាត់បង់ផលប្រយោជន៍របស់ពួកគាត់ ដែលជាពលរដ្ឋក្រីក្រ បេះពីមាត់ពង្រាត់ពីករ បានប្រាក់ដែលខំសន្សំ និងខ្ចីបុលធនាគារ យកមកទិញដីខាងលើ សង្ឃឹមថាខ្លួនមានទ្រទំរស់នៅដោយសុខសាន្ត ក្រោយអនុវត្តន៍តាមការណែនាំរបស់ខេត្ត ឱ្យពួកគាត់មួយចំនួនដែលរស់នៅលើទឹក រកទីតាំង និងរស់នៅលើដីគោកវិញ។

បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ ដែលជាតំណាងពលរដ្ឋរងគ្រោះចំនួន៣៧គ្រួសារ ស្នើសុំសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ជួយដល់ពួកគាត់នោះបង្ហាញថា ដីដែលពួកគាត់ទិញនេះ គឺមានលិខិតស្នាម ដោយមានការទទួលស្គាល់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ភូមិសង្កាត់ រហូតដល់ខេត្តផងដែល ដោយបានសម្រេចជារួម ក្នុងការផ្តល់ដីខាងលើជូនប្រជាពលរដ្ឋដើម្បីរស់នៅ និងអាស្រ័យផល។

ពលរដ្ឋបន្តថា តែផ្ទុយទៅវិញ នៅពេលដែលពួកគាត់ចូលទៅអាស្រ័យផល និងធ្វើលំនៅដ្ឋាន ដើម្បីបានរស់នៅប្រកបរបរចិញ្ចឹមជីវិតនោះ ត្រូវបានរារាំង ហាមឃាត់ និងបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់ជាបន្តបន្ទាប់ ពីសំណាក់ភាគីផ្សេង ដែលមកអះអាងថាជាដីរបស់ខ្លួន និងចោទពលរដ្ឋមករំលោភយកដីរបស់គេទៅវិញ។

ជាមួយគ្នានោះ ក្រោយមានវិវាទជាបន្តបន្ទាប់ មេភូមិទី៧ លោក ញ៉េប លាវ និងចៅសង្កាត់ខ្សាម លោក ឈួរ ថន បានចេញមកអះអាងជាសាធារណៈថា ដីដែលពលរដ្ឋបានទិញខាងលើ ដូចមានក្នុងលិខិតទិញលក់ និងបញ្ជាក់របស់អាជ្ញាធរ ពិតជាត្រឹមត្រូវប្រាកដមែន ចំណែកអ្នកផ្សេងដែលមកសំអាងថាជាដីខ្លួននោះ លោកមិនបានដឹងឡើយ ហើយក្នុងនោះលោកក៏ធ្លាប់ចេញលិខិតបំភ្លឺម្តងរួចទៅហើយផងដែរ។

អ្វីដែលបានបង្ហាញ និងអះអាងបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន ជាសក្ខីកម្មបង្ហាញឱ្យឃើញថា ពលរដ្ឋពិតជាបានទិញដីត្រឹមត្រូវពិតប្រាកដមែន មិនបានរំលោភយកដីរបស់បុគ្គលណាមួយឡើយ ពិសេសជាងនេះទៅទៀត សូម្បីតែគណៈកម្មការចម្រុះ ដឹកនាំដោយប្រធានមន្ទីរ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធិសភា និងអធិការកិច្ច ខេត្តកំពង់ឆ្នាំង ក្រោយចុះសិក្សាស្រាវជ្រាវ កាលពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ ក៏បានធ្វើរបាយការណ៍ជម្រាប និងជូនជាយោបល់ដល់លោកអភិបាលខេត្ត គួរប្រគល់ដីដល់ពលរដ្ឋដែលបានទិញត្រឹមត្រូវ ពិតប្រាកដជូនពួកគាត់ ដើម្បីមានសិទ្ធិប្រើប្រាស់ អាស្រ័យផល ស្របតាមមូលដ្ឋានកំណត់របស់ច្បាប់។

ដូចគ្នានេះ ក្នុងកំណត់ហេតុប្រជុំរបស់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យដោះស្រាយដីទំនាស់របស់ប្រជាពលរដ្ឋ ចំនួន៣៧គ្រួសារ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដឹកនាំដោយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តពេលនោះ បានសម្រេច ទទួលស្គាល់ប្រជាពលរដ្ឋ ចំនួន៣៧គ្រួសារ មានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលដំណាំកសិកម្ម ជាលក្ខណៈគ្រួសារ។ មិនផ្តល់ប័ណ្ណកម្មសិទ្ធិជូនទេ ការធ្វើអ្វីលើសពីការប្រើប្រាស់ និងអាស្រ័យផលដំណាំកសិកម្មជាលក្ខណៈគ្រួសារ ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។

នេះជាសក្ខីកម្ម បញ្ជាក់យ៉ាងច្បាស់ទៀតថា ពលរដ្ឋទាំង៣៧គ្រួសារ ជាពលរដ្ឋដែលបានទិញដីពិត មានការទទួលស្គាល់ពិត ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងអភិបាលខេត្ត ដោយសម្រេចប្រគល់ដីជូនពលរដ្ឋ តែជាអកុសល់ពេលពលរដ្ឋចុះទៅប្រើប្រាស់ដីរបស់ខ្លួន ដើម្បីអាស្រ័យផល និងរស់នៅ ត្រូវបានភាគីផ្សេង ចូលមករំខានជាបន្តបន្ទាប់ រហូតមានបណ្តឹងដល់តុលាការ និងការសម្រេចលើអង្គសេចក្តី ដោយចេញសាលក្រម នៃការចុះអនុវត្តដោយបង្ខំ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានធ្វើឱ្យខូចខាត និងបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋម្ចាស់ដីស្របច្បាប់យ៉ាងធ្ងន់ធ្ងរ។ តើនេះ ជាការឈរលើស្មារតី យុត្តិធម៌នៃច្បាប់ដែរឬទេ?។

បើនិយាយពីការអនុវត្តរបស់សម្តេចប្រមុខរដ្ឋាភិបាល លោកតែងតែគិត សុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ ការដោះស្រាយ វិនិច្ឆ័យរបស់សម្តេច ឈរលើអង្គហេតុ និងគតិយុត្តិធម៌យ៉ាងត្រឹមត្រូវពិតប្រាកដ មិនឱ្យពលរដ្ឋក្រីក្រស្លូតត្រង់របស់សម្តេចរងគ្រោះដោយភាពអយុត្តិធម៌នោះឡើយ។ ហេតុដូចនេះហើយ ទើបពលរដ្ឋ ពួកគាត់សម្រេចចិត្ត ងាកមកសុំការសណ្តោសប្រណី កាត់ក្តីដោយសុភវិនិច្ឆ័យ ពីសម្តេចប្រមុខរដ្ឋាភិបាល តេជោសែន ផ្តល់យុត្តិធម៌ដល់ពួកគាត់ ខណៈសម្តេចប្រមុខរដ្ឋាភិបាល គឺជាអគ្គមទេសក៍សន្តិភាពដ៍ឆ្នើមរបស់កម្ពុជាផងដែរនោះ៕