បាត់ដំបង៖ ដើម្បីឆ្លើ់យតបទាន់ពេលវេលា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ចុះពិនិត្យទីតាំងជាក់ស្តែងឃ្លាំងទុកចោល មិនមានសកម្មភាពអាជីវកម្ម រោងចក្រម្សៅមី និងរោងសម្ងួតដំឡួងមី ស្ថិតនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ការចុះពិនិត្យលើទីតាំង និងឃ្លាំង រោងសម្ងួតដំឡូងមីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងាររបស់ ឯកឧត្តម បានធ្វើការពិនិត្យ វាយតម្លៃថា ទីតាំងឃ្លាំង និងរោងទាំងនេះ មានលក្ខណៈសមស្របក្នុងការត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក ជំនួសឱ្យទីតាំងសាលារៀនបច្ចុប្បន្ន ដើម្បីត្រៀមបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងដំណើរចុះពិនិត្យនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ ខេង សុមេធ បានសម្រេចយកឃ្លាំងដែលទុកចោល ចំនួន២ឃ្លាំង និងរោងសម្ងួតដំឡូងមីចំនួន០១ រៀបចំជួសជុលកែលម្អរហេដ្ឋារចនាសម្ព័ន្ឋ ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ដែលអាចទទួលពលករចូលមកធ្វើចត្តាឡីស័កបានចំនួនប្រមាណ៣.០០០នាក់។ដោយឡែក ចំពោះឃ្លាំងចំនួន២ទៀត នឹងពិនិត្យលទ្ឋភាពតាមក្រោយស្របតាមលំហូរចូលពលករ ព្រមជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងារឯកឧត្តម បាននិងកំពុងមមាញឹករៀបចំធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ឋនៅទីតាំងរោងម៉ាស៊ីនកែច្នៃអង្ករ ស្ថិតនៅភូមិកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ជាមណ្ឌលព្យាបាល ដែលអាចផ្ទុកបានចំនួន២.៥០០គ្រែផងដែរ៕