ភ្នំពេញ៖ អតីតអ្នកទោសនយោបាយ នៅពន្ធនាគារព្រៃសរ លោក មាជ សុវណ្ណារ៉ា ក្រោយបានឃើញការសន្ទាការគ្នា វាងសម្តេចប្រមុខរដ្ឋាភិបាល និងលោក ឡុង រី លើក្នុងបណ្តាញ ZOOM ដែលត្រូវបានក្រុមអតីតគណបក្សសង្គ្រោះជាតិ កូតាលោក សម រង្ស៊ី ថាជាការហ៊ែកចូលរបស់ប្រមុខថ្នាក់ដឹកនាំនោះ លោក មាជ សុវណ្ណារ៉ា បានសរសេរលើបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា វាជារឿងគួរឲ្យសំណើច ក្នុងទិដ្ឋភាពជាក់ស្តែងនូវសារបែកធ្លាយមួយ ដែលការប្រជុំសម្ងាត់រវាងសកម្មជនបក្សប្រឆាំងក្នុងស្រុក និងក្រៅស្រុក ដឹកនាំដោយលោក ឡុង រី ។
លោក មាជ សុវណ្ណារ៉ា បន្តថា មនុស្សជំនិតទុកចិត្តបំផុតរបស់លោក សម រង្សី បែរត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលស្តាប់ និងសន្ទនាគ្នា ពន្យល់ចង្អុលបង្ហាញ សម្រាប់ជាការគិត ការឆ្ងល់ ថាតើជាឆាកល្ខោននយោបាយបែបបោកបញ្ឆោតមហាជន ឬ ជាការបង្ហាញមជ្ឃដ្ឋានជាតិ និងអន្តរជាតិ ថាជាផ្លូវទៅរកការលួងលោមផ្នែកនយោបាយ ក្នុងការជជែកចរចាគ្នាតាមច្រកណាមួយទៅថ្ងៃខាងមុខ? ឬក៏ជាការបង្ហាញថាលោក សម រង្សី នឹងត្រូវបានបញ្ចប់អាជីពក្នុងឆាកនយោបាយហើយ បើតាមស្តាប់សម្តីលោក ហ៊ុន សែន ហាក់គ្មានការអត់ឱន មិនថាការចរចាក្តី ការលើកលែងទោសក្តី ជាមួយលោក សម រង្សី?។
អតីតអ្នកទោសនយោបាយរូបនេះបន្ថែមទៀតថា ប៉ុន្តែបើយើងគិតខ្លីវិញ រឿងលោក ហ៊ុន សែន ចូលក្នុង ZOOM របស់បក្សប្រឆាំង គឺជាយុទ្ធសាស្រ្តនយោបាយក្នុងល្បិចកល « ព្រួញមួយ បាញ់បានសត្វពីរ» គឺ ទី១.ជាការកាត់ផ្តាច់ចរន្តឈាមនៃទំនាក់ទំនងរបស់បក្សប្រឆាំង ក្នុងការសន្ទនាគ្នាក្តី ឬប្រជុំគ្នាក្តី រវាងអ្នកក្នុងស្រុក និងក្រៅស្រុក នឹងអាចថាត្រូវបញ្ចប់ក៏ថាបាន ដោយសារការភ័យខ្លាច ការគំរាមកំហែងផ្នែកនយោបាយ ព្រោះតែការមិនទុកចិត្តគ្នា សង្ស័យគ្នាដែលនាំបង្កឲ្យមានការគ្រោះថ្នាក់ដល់ខ្លួន និងគិតថាអាចនឹងជាប់ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ក្នុងប្រការណាមួយ រហូតទៅដល់ការចោទប្រកាន់។ (យុទ្ធវិធី ឬវិធីសាស្រ្តរបស់ក្រុមកុម្មុយនីស្ត ឬជនផ្តាច់ការ គឺផែនការកម្ចេចដើម្បីត្រួតត្រា និងបង្រ្កាបដោយស៊ូចាប់ខុស កុំឱ្យដោះលែងច្រឡំ)។ ទី២.ធ្វើឱ្យដឹងថា បក្សប្រឆាំងមានរនុកក្នុង តាំងតែពីដើមទីមានបក្សប្រឆាំងមកម្លេះ រហូតដល់ទីអវសាន្តនៃជីវិតនយោបាយរបស់លោក សម រង្សី ដែលមានអ្នកជិតស្និទ្ធគាត់បានក្បត់ ឬត្រូវគេបញ្ជូនមកនៅក្បែរខ្លួនលោក សម រង្សី យូរណាស់មកហើយ ដែរក្នុងរយ:ពេលជាង២០ឆ្នាំកន្លងមកនេះ ដើម្បីធ្វើជាចារកម្មជន?។
លោក មាជ សុវណ្ណារ៉ា បន្ថែមទៀតថា ផ្អែកយោងតាមសម្តីលោក ហ៊ុន សែន ជារឿយៗ ថាពួកបក្សប្រឆាំងធ្វើអ្វី ឬប្រជុំការងារចំហរក្តី ឬសម្ងាត់ក្តី ក៏មិនអាចលាក់ការណ៍ ឬអាថ៌កំបាំងអ្វីដែលថាលោកមិនអាចដឹងរឿងរ៉ាវនោះឡើយ។ ពីព្រោះមានមនុស្សរបស់លោកនៅទីនោះស្រាប់ រងចាំរាយការណ៍គ្រប់រាល់សកម្មភាពរបស់បក្សប្រឆាំង?។
អ្នកនយោបាយវោហារមិនចេះរីកស្ងួតរូបនេះបន្ថែមទៀតថា សំណួរសួរថា តើវាអាចមានហេតុផលទេថា អាចជាការបោះដៃរកគ្នា ក្នុងការផ្តើមជាថ្មីនៃវប្បធម៌សន្ទនា ឬក៏ជាចេតនារបស់លោកហ៊ុន សែន ចង់ប្រាប់ថាការបោះបង់ចោលវប្បធម៌សន្ទនាមិនមែនជាកំហុសគាត់ ដោយទម្លាក់កំហុសទៅលោក សម រង្សី? ក្នុងខណៈលោក សម រង្សី បានបង្ហើបជាសាធារណ:ថា វប្បធម៌សន្ទនាកើតមានទៅបានជាមួយលោក ហ៊ុន សែន ទាល់តែយើងធ្វើតាមគាត់ រណបគាត់ ទើបកើតមានទៅបាន យើងមិនអាចធ្វើបាន ព្រោះតែដៃគូមានកលល្បិចមិនស្មោះត្រង់ ការចាញ់ប្រៀបដែលគ្មានតម្លាភាព។ លោក មាជ សុវណ្ណារ៉ា ថាប៉ុន្តែអ្វីដែលជាការព្រួយបារម្ភនៃសុវត្ថិភាពអាយុជីវិត ជាមួយដំណើរសកម្មនយោបាយរបស់សកម្មជនស្លូតត្រង់នៅឯមូលដ្ឋាន ដែលពួកគេគ្មានកំហុសអ្វីសោះ ក្រៅពីចូលអន្ទាក់នៃល្បែងនយោបាយទុច្ចរិត ក្នុងជីវិតបម្រើនយោបាយជួបតែទុក្ខលំបាក រត់ចោលស្រុក ឬត្រូវចាប់ចងដាក់គុកច្រវ៉ាក់តែប៉ុណ្ណោះ រីឯអ្នកស្មោះត្រង់ មានស្មារតីជាតិនិយម ក៏ត្រូវគេលាបពណ៌ ប្រមាថលក់ក្បាល លក់ខ្លួន ស៊ីឈ្នួលជាប់គុកជាដើម មិនថារូបលោកក៏ដោយ ឬ លោក កឹម សុខា និងអតីតអ្នកទោសនយោបាយជាដើម រងការឈឺចាប់ តែតស៊ូអត់ធ្មត់ លេបគ្រួស លេបថ្ម រងចាំឱកាស ជាមួយពេលវេលាដែលនឹងបង្ហាញការពិត និងយុត្តិធម៌តែប៉ុណ្ណោះ៕