ភ្នំពេញ៖ ក្រោយរងចាំអស់មួយរយៈពេល នៃការឆ្លើយតបរបស់ក្រសួងមហាផ្ទៃ ដើម្បីគណបក្សថ្មី នៃមេដឹកនាំក្បាលម៉ាស៊ីនចាស់ របស់អតីតគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពនយោបាយរបស់ខ្លួននោះ ពេលនេះភ្លើងខៀវត្រូវបានបើកហើយ។
ភ្លើងខៀវត្រូវបានបើក គឺនៅក្រោយការទន្ទឹងរងចាំនេះ ជាលទ្ធផល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ ដោយមានចំណាហត្ថលេខា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសលេខ២៣៥០ ប្រក សម្រេច ទទួលស្គាល់ ចុះឈ្មោះគណបក្សកែទម្រង់កម្ពុជា សរសេរជាអក្សរកាត់ (គ.ក.ក) ដែលមានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។
ដូច្នេះ ចាប់ពីថ្ងៃទទួលបានសិទ្ធិធ្វើនយោបាយ គណបក្សវ័យក្មេងមួយនេះ ដែលមានក្បាលម៉ាស៊ីនដឹកនាំជាឥស្សរជននយោបាយជើងចាស់ និងត្រូវមូលដៃអាវ លាត់ជើងខោ ធ្វើសកម្មភាពតាមមូលដ្ឋាន ដើម្បីចងក្រង រៀបចំរចនាសម្ព័ន្ធ សម្រាប់ត្រៀមក្នុងការប្រគួតប្រជែងការបោះឆ្នោតខាងមុខ នៃការដឹកនាំដោយលោក ប៉ុល ហំម និងលោក អ៊ូ ចាន់រ័ត្ន។
ក្នុងនោះ បើតាមលោក ប៉ុល ហំម ដែលគេដឹងថា និងត្រូវក្លាយជាប្រធានគណបក្សកែទម្រង់កម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននាពេលកន្លងមក ថាគណបក្សរបស់ខ្លួននិងរៀបចំសមាជជាផ្លូវការ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ខាងមុខ ដើម្បីគ្រប់លក្ខណៈគណបក្សនយោបាយ ពិសេសរចនាសម្ព័ន្ធ និងក្បាលម៉ាស៊ីនគណបក្សច្បាស់លាស់ នៃការរៀបចំផែនការយុទ្ធសាស្រ្ត សកម្មភាពការងារ ដើម្បីត្រៀមប្រគួតទាំងជារួម ជាមួយគណបក្ស៥ផ្សេងទៀត ដែលបានកើតចេញពី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ របស់ខ្លួនដូចគ្នា។ តែអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺការត្រៀមប្រគួតជាមួយ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបច្ចុប្បន្ន តើអាចទៅរួចក្នុងកំរិតណា បើគណបក្សចាស់វស្សាមួយនេះ បានចាក់ឬសយ៉ាងជ្រៅក្នុងនយោបាយកម្ពុជារាប់ឆ្នាំទៅហើយនោះ គឺវាខុសគ្នាដូចមេឃនិងដី នៃគណបក្សថ្មីកែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ចាន់រ័ត្ន។
តែយ៉ាងណា សម្រាប់អ្នកនយោបាយ គឺមិនគិត ចាស់ ថ្មី មុន ក្រោយ អ្វីនោះទេ សំខាន់កម្លាំង និងសកម្មភាពនៃការគាំទ្ររបស់ពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋាន រួមជាមួយការដឹកនាំដ៏ប៉ិនប្រសព្វ និងការរៀបចំ ដាក់ចេញគោលនយោបាយល្អៗ បម្រើប្រយោជន៍រាស្រ្ត និងជាតិពិតប្រាកដ៕