មេឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ ចាន់ វិទូ មិនមែនជាជំនួយការ សម្តេចក្រឡាហោម ស ខេង ទៀតទេ

0
1959

ភ្នំពេញ៖ កាន់តែច្បាស់ហើយពេលនេះ ក្រោយផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋប្រមាណជាង១៣០នាក់ តំណាង១៣០គ្រួសារ រស់នៅភូមិឈើទាល២ ភូមិស្រែអំពិល និងភូមិព្រែកស្វាយ នៃឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានលើកបដារូបថតសម្តេចទាំងទ្វេ នៅមុខសាលាខេត្ត កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ករណីមេឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ ឈ្មោះ ចាន់ វិទូ អាងអំណាច តួនាទី កាយផ្តាច់ផ្លូវរួមសមូហភាពភូមិរបស់ពលរដ្ឋ ដើម្បីជាប្រយោជន៍របស់ខ្លួន។

ការផ្ទុះតវ៉ារបស់ពលរដ្ឋខាងលើ ទើបធ្លាយរឿងលោក ចាន់ វិទូ មេឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ ជាមន្រ្តីប៉ូលីសស័ក៤ ក្រសួងមហាផ្ទៃ ឋានន្តរស័ក វរសេនីយ៍ត្រី ឋានៈ ជំនួយការសម្តេចក្រឡាហោម ស ខេង អត្តលេខ ៧៨៣៧៨ ដែលធ្វើឱ្យករណីនេះរស៊ើបយ៉ាងខ្លាំង ព្រោះមន្រ្តីប៉ូលីស មានឋានៈ ដល់ទៅជំនួយការសម្តេចក្រឡា​ហោម គឺជាឈ្មួញដី និងរណ្តៅខ្សាច់ ជីកផ្តាច់ផ្លូវសាធារណៈរបស់រដ្ឋ យកអាចម៌ដីលក់គ្មានសល់ដើម្បីជាប្រយោជន៍របស់ខ្លួន នេះជាការបញ្ជាក់ឱ្យដឹងរបស់ពលរដ្ឋក្នុងការតវ៉ាកាលពីថ្ងៃម្សិលម៉ិញ។

ក្រោយរឿងនេះត្រូវបានផ្សព្វផ្សាយ តាមបណ្តាញសារព័ត៌មាន និងសង្គមនានា នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ខៀវ សុភ័គ នាយក​ខុទ្ទកាល័យ​ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់កាសែតក្នុងស្រុក ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០២១នេះ​ថា លោក ចាន់ វិទូ លែង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ទៀតហើយ និង​សូម​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​បើសិនជាឈ្មោះនេះ​បាន​ប្រព្រឹត្ត​ខុស​។

ដោយសម្រង់ប្រសាសន៍ដើមទាំងស្រុង របស់នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ខៀវ សុភ័គ បាន​មានប្រ​សាសន៍​​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា កាត​ដែល​ប្រើ​ហួស​សុភាព​ភាព គាត់​ជា​ជំនួយ​ការ​តាំង​​ពី​អាណត្តិ​មុន អាណត្តិ​​នេះ​អត់​មាន​ទៀត​ទេ ទោះជា​ជំនួយការ​ឱ្យ​តែ​ប្រព្រឹត្ត​ខុសហើយ ​ត្រូវតែ​ទទួលទោស​សុំ​ឱ្យ​សមត្ថកិច្ច​ចាត់ចែង​តាមច្បាប់​ចុះ​។

សូមជំរាបថា មេឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ពូទីន ឈ្មោះ ចាន់ វិទូ បើតាមលោក កូវ ផាន់នី ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋប្រមាណជាង១៣០នាក់ តវ៉ាមុខសាលាខេត្តកណ្តាល ដើម្បីស្នើសុំការជួយអន្តរាគមន៍ ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បានប្រាប់ក្រោយជំនួបជាមួយលោកអភិបាលថា ក្រោយ​ស្តាប់​ដំណើររឿង ដែលឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ ឈ្មោះ ចាន់ វិទូ យកគ្រឿងចក្រ កាយផ្តាច់ផ្លូវពលរដ្ឋទំហំទទឹង៧ម៉ែត្រ និងបណ្តោយ២៣៩ម៉ែត្រ ក្នុងប្រវែងជាង៤២២ម៉ែត្រ តភ្ជាប់ពីចំណុចផ្លូវទួលតាគង់ ទៅទល់នឹងច្រកចូលទួលលោកតាកោះលៀស កោះស្លែង ដែលជាផ្លូវចាស់រួមភូមិរបស់អ្នកស្រុកតាំងពីបុរាណមក ធ្វើជាប្រយោជន៍របស់ខ្លួន យកអាចម៌ដីលក់គ្មានសល់ និងបន្តធ្វើទុកបុកម្នេញប្តឹងពលរដ្ឋទៅតុលាការថែមទៀតនោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានធ្វើការសម្រេចភ្លាមៗ ប្រគល់ដីផ្លូវ១ខ្សែរនេះជូនពលរដ្ឋក្នុងមូលដ្ឋានវិញ ដើម្បីប្រើប្រាស់ និងអាស្រ័យផល ជាសមូហភាពរួមពលរដ្ឋ និងចាត់វិធានការយ៉ាងតឹងរឹង ដោយទុកឱសានវាទរយៈពេល១០ថ្ងៃ ឱ្យមេឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ឈ្មោះ ចាន់ វិទូ ធ្វើផ្លូវជូនពលរដ្ឋដូចដើម ហើយក្នុងករណី​មិន​អនុវត្តតាម ​នោះរដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​៕