ភ្នំពេញ៖ ក្នុងនាមជាថ្នាក់ដឹកនាំដែលមានសុភវិនិច្ឆ័យ សម្តេចប្រមុខរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយស្នើឱ្យស្ថាប័នតុលាការ ពិនិត្យ ពិចារណា ក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។
ក្នុងសំណេរដើមទាំងស្រុង សម្តេចតេជោ បានលើកឡើងថា ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បកស្រាយពន្យល់ អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ៦ចំណុច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះមានលក្ខណៈសមហេតុផល និងអាចទទួលយកបាន ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេច សូមអំពាវនាវអោយស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។
សម្តេចតេជោ បន្ថែមក្នុងសំណេរបន្តថា ទន្ទឹមនឹងនេះ សម្តេច ក៏សូមលើកទឹកចិត្តអោយលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និង វិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។
ជាមួយគ្នានេះ សម្តេចតេជោ ក៏អំពាវនាវអោយភរិយា កូន និង ឪពុកម្តាយ របស់បណ្ឌិត សេង សារី កុំអោយមានការព្រួយបារម្ភ។
សម្តេចតេជោ ប្រមុខរដ្ឋាភិបាល
ក្រោយទទួលបានសារ ដ៏មានអត្ថន័យ និងថ្លែងថ្លារបស់សម្តេចប្រមុខរដ្ឋាភិបាល ដោយស្នើឱ្យស្ថាប័នតុលាការ ពិនិត្យ ពិចារណា ក្នុងការបញ្ឈប់ដីកាចាប់ខ្លួន លោកបណ្ឌិត សេង សារី បានសរសេរនៅលើបញ្ញាញសង្គមរបស់ខ្លួនខ្លឹមសារយ៉ាងខ្លីថា ”ម៉ែ អាចទៅវត្តនៅថ្ងៃកាន់បិណ្ឌខាងមុននេះបានហើយ ម៉ែ មិនបាច់បារម្ភពីអ្នកណាថាឲ្យ ម៉ែ មានកូនជាជនក្បត់ជាតិទេ! ប្រពន្ធសម្លាញ់ អូនអាចបើកទ្វារបង ឲ្យកូនរត់លេងវិញបានហើយ!”។ ជាមួយគ្នានេះ ក្រោយការស្នើរបស់សម្តេចប្រមុខរដ្ឋាភិបាល ឱ្យស្ថាប័នតុលាការ ពិនិត្យ ពិចារណា ក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី មហាជនជាច្រើន បានលើកឡើងគាំទ្រ និងសេចក្តីសម្រេចរបស់សម្តេចប្រមុខរដ្ឋាភិបាលយ៉ាងខ្លាំង តែក្នុងនោះក៏មានមតិលើកឡើងបញ្ឆិតបញ្ឆៀង ផ្លែផ្កា ដល់ប្រមុខថ្នាក់ដឹកនាំសម្តេចតេជោផងដែរ៕
លោកបណ្ឌិត សេង សារី និងគ្រួសារ