ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យមួយបានកើតឡើង កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី ក្រុមទី៣១ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឆេះបំផ្លាញផ្ទះអស់ទាំងស្រុង។
បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ហេង លីគន្ធ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ ម្ចាស់ផ្ទះជួល រឺឯអ្នកជួលមានឈ្មោះ មាស ប៊ុនសល់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់កុំព្យូទ័រ ចំពោះមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍ខាងលើ អគ្គិភ័យបានឆេះបំផ្លាញ ផ្ទះឈើប្រក់សង្ក័សី ដែលមានទំហំ ៤ម៉ែត្រ x ៤៥ម៉ែត្រ ឆេះអស់ចំនួន៤ខ្នងទាំងស្រុង ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងនោះសម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់៣០ឡាន ស្មើរនឹង១២០ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើរនឹង៨ម៉ែត្រគូប, រថយន្តផ្សារទំនើប អូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើរនឹង ៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វាត ៧គ្រឿង ប្រើប្រាស់ទឹកអស់៧ឡាន ស្មើរនឹង២៨ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង១១និង៣០នាទីយប់នាថ្ងៃដដែរ៕