ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលប្រកាសខ្លួនជាអ្នកបន្តស្មារតីសង្គ្រោះជាតិ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំប្រជុំបេក្ខភាពគណៈកម្មាធិការនាយករបស់ខ្លួនជាផ្លូវការ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានចំនួនសរុប៤៥រូប ក្នុងដំណាក់កាលដំបូង។
ការប្រកាសបេក្ខភាពគណៈកម្មាធិការនាយករបស់គណបក្សមួយនេះ ក្រោយខកខានកាលពីពេលកន្លងទៅ និងតម្រូវជាចាំបាច់ដែលគណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវរៀបចំក្បាលម៉ាស៊ីនគណបក្ស ដើម្បីរៀបចំយុទ្ធសាស្រ្ត បង្កើនសកម្មភាពការងារ តាមផែនការណ៍ដែនបានសម្រេចជាផ្លវការ របស់ថ្នាក់ដឹកនាំនៃគណកម្មាធិការអចិន្ត្រៃយ៍គណបក្ស។
បេក្ខភាព គណៈកម្មាធិការនាយក គណបក្សខ្មែរស្រឡាញ់់ជាតិ
ក្នុងនោះ បើតាមលោក សៀវ វិសុទ្ធ អគ្គហិរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ បានប្រាប់ឱ្យដឹងថា ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បានសម្រេចជារួម ក្នុងការដាក់ចេញផែនការ យុទ្ធសាស្រ្តសម្រាប់ការរៀបចំបេក្ខភាព ឃុំ សង្កាត់ ទូទាំងប្រទេស ដែលមានចំនួន១៦៥២ ឃុំ សង្កាត់ ដោយធ្វើយ៉ាងណា សម្រេចឱ្យបាន៧២% ឃុំសង្កាត់ នៃផែនការណ៍សរុប។ ក្នុងនោះដោយតម្រូវមានការជម្រុញ និងលើកទឹកចិត្ត ឱ្យថ្នាក់ដឹកនាំនៃបេក្ខភាពគណៈកម្មាធិការនាយកទាំង៤៥រូប មានការទទួលខុសត្រូវ តាមបណ្តាខេត្តក្រុងរបស់ខ្លួន ដើម្បីបន្តសកម្មភាព ឆន្ទៈមនសិការ ឆ្ពោះទៅដល់គោលដៅ នៃការដឹកនាំអំណាចនៅថ្នាក់មូលដ្ឋាន ឆ្នាំ២០២២ខាងមុខ។
លោក សៀវ វិសុទ្ធ បន្ថែមទៀតថា បេក្ខភាពគណៈកម្មាធិការនាយក របស់គណបក្សខ្មែរស្រឡាញ់ជាតិ ក្នុងតំណាក់កាលដំបូង ត្រូវបានរៀបចំចំនួន៤៥រូប ទូទាំង២៥រាជធានីខេត្ត ហើយក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គណៈកម្មាធិការនាយកគណបក្សខ្មែរស្រឡាញ់ជាតិ និងមានចំនួនសរុបពេញសិទ្ធិ ១២៥រូប ដូចជាសមាជិករដ្ឋភាផងដែរ។
លោក សៀវ វិសុទ្ធ អគ្គហិរញ្ញិក គណបក្សខ្មែរស្រឡាញ់ជាតិ
សូមជំរាបថា រហូតមកដល់ថ្ងៃនេះគណបក្សខ្មែរស្រឡាញ់ជាតិ បានរៀបចំរចនាសម្ព័ន្ធមូលដ្ឋានរបស់ខ្លួន បានចំនួន២០រាជធានី ខេត្ត ៦៨ក្រុងស្រុកខណ្ឌ និងជាង៥០០ឃុំសង្កាត់ ដោយផែនការណ៍និងបន្តរៀបចំគ្រប់ចំនួនខេត្តរាជធានី ក្រុងស្រុកខណ្ឌ និងឃុំសង្កាត់ទូទាំងប្រទេស ដើម្បីជាកម្លាំងដ៏រឹងមាំក្នុងការត្រៀមចូលរួមប្រគួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ខាងមុខ។
បេក្ខភាព គណៈកម្មាធិការនាយក គណបក្សខ្មែរស្រឡាញ់់ជាតិ
ជាមួយនោះ គណបក្សខ្មែរស្រឡាញ់ជាតិ បើតាមមេដឹកនាំនៃគណបក្សមួយនេះក៏បានប្រាប់ឱ្យដឹងថា ខ្លួនរំពឹងទទួលបានការគាំទ្រច្រើនពីពលរដ្ឋម្ចាស់ឆ្នោត ស្របតាមស្មារតីដែលពួកគាត់ចង់បាន គឺគណបក្សខ្មែរស្រឡាញ់ជាតិ បាននិងកំពុងអនុវត្តន៍ យុទ្ធសាស្រ្ត គោលជំហរ ផែនការណ៍ ដោយបន្តស្មាតីសង្គ្រោះជាតិ.បង្កើតវប្បធម៌នយោបាយថ្មី.បង្រួបបង្រួមអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ.ផ្សះផ្សារជាតិ ខ្មែរតែមួយ និងតស៊ូមតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ។
ដូចគ្នានេះ ក្នុងស្មារតីសង្គ្រោះជាតិ មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ក៏នៅតែបន្តអំពាវនាវដល់ឥស្សរជនអ្នកស្នេហាជាតិ អ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ដែលមានសិទ្ធិធ្វើនយោបាយ ថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រគ្រប់និន្នាការនយោបាយទាំងក្នុង និងក្រៅប្រទេស ចូលរួមនយោបាយជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ ដើម្បីសកម្មភាពក្នុងបុព្វហេតុជាតិ ស្តារលទ្ធិប្រជាធិបតេយ្យ រួបរួមកម្លាំងសាមគ្កីអ្នកស្នេហាជាតិ ដើម្បីជាកម្លាំងធំ ចូលរួមប្រគួតប្រជែង ទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខផងដែរ៕