ជម្លោះដីធ្លីដ៏រាំរ៉ៃ រវាងពលរដ្ឋ៣៧គ្រួសារ ជាមួយលោក លី ផេង ឈានដល់ការចរចារគ្នាហើយ

0
945

កំពង់ឆ្នាំង៖ ជម្លោះដីធ្លីដ៏រាំរ៉ៃមួយ រវាងប្រជាពលរដ្ឋ៣៧គ្រួសារ ជាមួយលោក លី ផេង ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំ បានឈានដល់ដំណាក់កាលនៃការចរចារគ្នាហើយ។

ការឈានដល់ដំណាក់កាលចរចារនេះ ក្រោយពលរដ្ឋបានស្វែងរកការអន្តររាគមន៍គ្រប់ទីកន្លែង និងការដាក់ពាក្យបណ្តឹងចូលតុលាការ ខេត្តកំពង់ឆ្នាំង កាលពីពេលកន្លងទៅ ក្នុងខណៈដែលពួកគាត់ទិញដីត្រឹមត្រូវតាមផ្លូវច្បាប់ពីលោក អៀ គុយម៉ុង តែត្រូវបានលោក លី ផេង រារាំង និងសំអាងថាជាដីរបស់ខ្លួន រហូតមានការកាប់បំផ្លាញរោងរបស់ពលរដ្ឋជាបន្តបន្ទាប់ ខណៈពួកគាត់ចូលទៅរស់នៅលើដីរបស់ខ្លួនដែលបានទិញ និងមានការសម្រេច ឯកភាពពីអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចាន់ឌឿន កាលពីជំនាន់នោះ ក្រោយគណៈកម្មាធិការចម្រុះចុះសិក្សាស្រាវជ្រាវ។

តែយ៉ាងណា ករណីវិវាទនេះ មានការប្រទាញប្រទង់គ្នា ដូចកំពិសជាប់មង បុរេវិនិច្ឆ័យ ស្ថិតក្នុងសេចក្តីសម្រេចរបស់តុលាការ ដែលកាត់ក្តីដោយមិនលម្អៀង នៃអគិតទាំងបួន គឺ ឆន្ទាគតិ លម្អៀងព្រោះស្រឡា​ញ់.ទោសាគតិ លម្អៀងព្រោះស្អប់.មោហាគតិ លម្អៀងព្រោះល្ងង់ ព្រោះពុំយល់ការខុសត្រូវ និងភយាគតិ លម្អៀងព្រោះខ្លាចអំណាច ឬខ្លាចចិត្តគេ។

ដូចគ្នានេះ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តុលាការខេត្តកំពង់ឆ្នាំ បានកោះហៅប្រជាពលរដ្ឋ ជាដើមបណ្តឹងចំនួន៣២គ្រួសារ ក្នុងចំណោមពលរដ្ឋរងគ្រោះដីធ្លី៣៧គ្រួសារ ដើម្បីចូលរួមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ពីដំណើរ ទទួលស្គាល់សហដើមចោទជាម្ចាស់កម្មសិទ្ធិ លើដីទំហំ៦៥ឡូតិ៍ ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំ។

ក្រោយបញ្ចប់ការសាកសួរ ប្រជាពលរដ្ឋរងគ្រោះខាងលើបានប្រាប់ឱ្យដឹងថា ជាដំណោះស្រាយភាគីលោក លី ផេង យល់ព្រមផ្តល់សំណង៥០ភាគរយ នៃតម្លៃដីរបស់ពួកគាត់ដែលបានទិញ តែពលរដ្ឋទាមទារតម្លៃ២០០ភាគរយ នៃតម្លៃដី គឺ១គុណនិង២ ព្រោះរយៈពេលជាង៦ឆ្នាំ ដែលពួកគាត់បង់ខាតទាំងពេលវេលា បំណុលការប្រាប់ធនាគារ និងឯកជន ដែលបានខ្ចីបុល យកមកទិញដី។ យ៉ាងណា ការទាមទារសំណងរបស់ពលរដ្ឋ មិនទាន់ត្រូវបានសម្រេចភ្លាមៗនៅឡើយទេ ដោយតុលាការបញ្ចប់ការសាកសារ និងបន្តនីតិវិធីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ខាងមុខបន្តទៀត។

យ៉ាងណា បើតាមពលរដ្ឋបានបញ្ជាក់ប្រាប់ចុងក្រោយថា ពួកគាត់មិនចង់បានសំណងនោះទេ អ្វីដែលពួកគាត់ចង់បាន គឺដីលំនៅដ្ឋានខាងលើ​ ដែលពួកគាត់បានទិញស្របច្បាប់ពីលោក អៀ គុយម៉ុង ដោយមានការទទួលស្គាល់យ៉ាងត្រឹមត្រូវ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ភូមិសង្កាត់សាមីរបស់ខ្លួន៕