ភ្នំពេញ៖ កូនប្រុសពៅ របស់អ្នកនយោបាយចាស់វស្សាលោក គង់ គាំ និងជាប្រធានគណបក្សឆន្ទៈខ្មែរ ព្រមទាំងជាសមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ផងនោះ លោក គង់ មុនីកា នៅបន្ទាប់ពីសម្តេចប្រមុខរដ្ឋាភិបាល សម្រេចឱ្យធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងកំណត់អ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ត្រូវតែមានសញ្ជាតិខែ្មរតែមួយ ថា គ្រាន់តែជាល្បែងនយោបាយរបស់អ្នកនយោបាយចាស់វស្សាតែប៉ុណ្ណោះ។
លោក គង់ មុនីកា បានលើកឡើងទៀតថា តាមពិតទៅ ជនជាតិខ្មែរគ្រប់រូប បើទោះជាកាន់សញ្ជាតិដទៃផ្សេងថែមទៀត ក៏នៅតែជាធនធានមនុស្ស ដើម្បីចូលរួមដឹកនាំ និងអភិវឌ្ឍមាតុប្រទេសបានដូចគ្នា។ លោកថា ផ្ទុយទៅវិញ អ្វីដែលជាការព្រួយបារម្ភ គឺជនជាតិដទៃ ដែលទទួលបានសញ្ជាតិកម្ពុជាងាយៗ ដោយសារភាពធូររលុងនៃការអនុវត្តច្បាប់សញ្ជាតិ ដោយសារអំពើពុករលួយ…។ ល។ ហើយពួកគេមួយចំនួនបានបញ្ជ្រាបខ្លួនម្តងបន្តិចៗទៅក្នុងតួនាទីដឹកនាំប្រទេសទៅវិញទេ ទើបជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ
លោក គង់ មុនីការ ប្រធានគណបក្សឆន្ទៈខ្មែរ ថ្លែងដោយសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកនយោបាយបន្តវេន យើងចង់ឃើញខ្មែរគ្រប់រូប ជាពិសេសអ្នកនយោបាយពីគ្រប់និន្នាការ ធ្វើការប្រកួតប្រជែងគ្នាលើគោលនយោបាយអភិវឌ្ឍប្រទេស ហើយអាចរួមចិត្ត រួមគំនិតគ្នាតម្កល់ផលប្រយោជន៍ជាតិជាធំ ដោយលះបង់ចោលនូវគំនិតសងសឹកផ្នែកនយោបាយ។
ខុសពីការលើកឡើងរបស់លោក គង់ មុនីកា ថ្នាក់ដឹកនាំ មន្រ្តី ក្រសួង មន្ទីរ ស្ថាប័ន រាជធានី ខេត្ត កងកម្លាំងចម្រុះ បានសម្តែងការគាំទ្រ ចំពោះការស្នើរបស់សម្តេចប្រមុខរដ្ឋាភិបាល តម្រូវឱ្យអ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ត្រូវតែមានសញ្ជាតិខែ្មរតែមួយ៕