គណបក្សកែទម្រង់កម្ពុជា ហៅការកែរដ្ឋធម្មនុញ្ញ គឺជាការបង្ហាញនូវការអើសអើងនយោបាយរវាងខ្មែរនិងខ្មែរ

0
927

ភ្នំពេញ៖ គណបក្សកែទម្រង់កម្ពុជា ដែលទើបទទួលបានបុព្វសិទ្ធិ ក្នុងសកម្មភាពនយោបាយរបស់ខ្លួន កាលពីពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍ ចំពោះការកែរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដើម្បីតម្រូវថ្នាក់ដឹកនាំកំពូល ចំនួន៤ស្ថាប័ន ត្រូវតែមានសញ្ជាតិខ្មែរតែមួយ។

គណបក្សកែទម្រង់កម្ពុជា ក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ និងទើបត្រូវបានធ្វើការចុះផ្សាយជាសាធារណៈ នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១ ចុងសប្តាហ៍នេះបានលើកឡើងថា គណបក្សកែទម្រង់កម្ពុជា យល់ឃើញថា ការកែរដ្ឋធម្មនុញ្ញដើម្បីធ្វើការដកហូតសិទ្ធិនេះ និងធ្វើឱ្យប៉ះពាល់ដល់ស្មារតីឯកភាពជាតិ ដែលជាចំណុចសំខាន់មានចែងក្នុងបុព្វកថារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គណបក្សកែទម្រង់កម្ពុជា យល់ឃើញថា ការដកហូតសិទ្ធិពលរដ្ឋដែលមានសញ្ជាតិលើសពីមួយ គឺជាការបង្ហាញនូវភាពរើសអើងផ្នែកនយោបាយរវាងខ្មែរនិងខ្មែរគ្នាឯង ដែលផ្តល់ផលអវិជ្ជមានដល់ស្មារតីនៃការចូលរួមចំណែកក្នុងវិស័យនយោបាយ និងការអភិវឌ្ឍន៍ប្រទេសជាតិគ្រប់វិស័យពីព្រជាពលរដ្ឋខ្មែរនៅក្នុង និងក្រៅប្រទេស។

ដូចគ្នានេះ គណបក្សកែទម្រង់កម្ពុជា អំពាវនាវឱ្យរដ្ឋាភិបាល ធ្វើការពិចារណាជាថ្មី ចំពោះគម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវថ្នាក់ដឹកនាំកំពូលរបស់ជាតិ ចំនួន៤ស្ថាប័ន ត្រូវតែមានសញ្ជាតិខ្មែរតែមួយនោះ។

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ត្រូវបានគេមើលឃើញថា នៅបន្ទាប់ពីផ្ទុះសង្គ្រាមពាក្យសំដី រវាងសម្តេចប្រមុខរដ្ឋាភិបាល ជាមួយនិងលោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ៕