ឈាមអ្នកបន្តវេន ខ្មែរស្រឡាញ់ជាតិ សន្ទុះដូចព្រួញមេឃា ទម្លុះភាពអយុត្តិធម៌សង្គម ដើម្បីនាំមកនូវការផ្លាស់ប្តូរ

0
784

ភ្នំពេញ៖ ឈាមអ្នកបន្តវេនសង្គ្រោះជាតិ ក្នុងនាមគណបក្សខ្មែរស្រឡាញ់ជាតិ ក្នុងព្យុះព្យោមា រយៈពេលជិត២ឆ្នាំមកនេះ បានសម្រេចបេសកកម្មរបស់ខ្លួនសំខាន់ៗជាច្រើននៅមូលដ្ឋាន ដើម្បីបំណងពលរដ្ឋម្ចាស់ឆ្នោត ដែលភក្តីភាពលទ្ធិប្រជាធិបតេយ្យ។

បេសកកម្មរបស់គណបក្សខ្មែរស្រឡាញ់ជាតិ បន្តស្មារតីសង្គ្រោះជាតិ មានសន្ទុះដូចព្រួញមេឃា ក្នុងការទម្លុះភាពអយុត្តិធម៌សង្គម នាំមកនូវការផ្លាស់ប្តូរនៅឆ្នាំ២០២២ខាងមុខនៅថ្នាក់មូលដ្ឋាន ដែលជាសសរស្តម្ភដ៏រាំងមាំ បន្ទាប់ឈោងចាប់យកជ័យជំនះកំពូលនៅឆ្នាំ២០២៣។

នេះនៅមិនទាន់និយាយពីរចសម្ព័ន្ធមូលដ្ឋានក្នុងពេលបច្ចុប្បន្ន កម្លាំងណែនណាន់តាន់តាប់ត្រៀមប្រយុទ្ធជានិច្ចក្នុងស្មារតីសង្គ្រោះជាតិ ស្ទើរទូទាំងផ្ទៃប្រទេស ខុសពីគណបក្សដែលកើតមុនថ្មីចាស់ក្រោយទាំងអស់ ដែលមានកម្លាំងរសាត់អណ្តែតដូចចកកណ្តាលទន្លេមិនដឹងកោះត្រើយនោះ ដែលអ្នកខ្លះរកតែមេដៃគាំទ្រក្នុងសម្លេងតម្កល់ទុកនៅក្រសួងមហាផ្ទៃក៏ជំពាក់ ស៊ីម៉ាងសិនក៏មាន។

មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បានបង្ហើបប្រាប់ឱ្យដឹងថា មកដល់ថ្ងៃនេះ កម្លាំងគណបក្សខ្មែរស្រឡាញ់ជាតិ នៅមូលដ្ឋានបាននិងកំពុងបន្តសកម្មភាពដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ ព្រោះមេទ័យនៅតាមភូមិភាគនី​មួយៗ​មិនអាចជិះសេះលែងដៃ ចាំតែអង្គុយបញ្ជាឡើយ គឺដាក់ផែនការណ៍ ដឹកនាំកម្លាំងចុះអនុវត្តន៍ជាក់ស្តែងជា​មួយសកម្មជននិងអ្នកគាំទ្រ។

មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ក៏បានបញ្ជាក់ប្រាប់ឱ្យដឹងដែរថា សម្រាប់បេសកកម្មលើសង្វៀននយោ​បាយ គឺគណបក្សខ្មែរស្រឡាញ់ជាតិ ពេលនេះរចនាសម្ព័ន្ធ និងកម្លាំងបានក្លាយជាគូរប្រគួតប្រជែងក្នុងលំដាប់ជាមួយគណបក្សកាន់អំណាចទៅហើយ ព្រោះកម្លាំងស្នូលនៅមូលដ្ឋានរបស់ខ្មែរស្រឡាញ់ជាតិ ស្ទើរទូទាំងអស់ជាអតីតមេទ័ពមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលមានបទពិសោធន៍ គ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានការណ៍ និងការដឹកនាំថ្នាក់មូលដ្ឋានរបស់ខ្លួន អមដោយមន្រ្តីសកម្ម ស្មោះត្រង់ ចំពោះបក្ស ជាតិ ប្រជាពលរដ្ឋ លទ្ធិប្រជាធិបតេយ្យ ដែលបរិយាយមិនអស់ រាប់បញ្ចូលទាំងយុវជន ចលនាស្រ្តី និងក្រុមបណ្ឌិតបញ្ញាវន្តផងដែរ ទាំងសកម្មជនសកម្ម និងជាទីប្រឹក្សាដ៏សំខាន់របស់គណបក្សខ្មែរស្រឡាញ់ជាតិ។

ជ័យជំនះពិត និងកម្លាំងរឹងមាំពិត ចុះធ្វើពិត នៅមូលដ្ឋានរបស់ខ្មែរស្រឡាញ់ជាតិ។ យ៉ាងណា ទោះកម្លាំងរបស់ខ្លួនកំពុងរើកចម្រើនជាលំដាប់ ក៏គណបក្សមួយនេះ នៅតែរក្សាគោលជំហរ បង្រួបបង្រួលអ្នកប្រជាធិបតេយ្យ ដោយឥតងាករ៉េ ដើម្បីរួមគ្នាជាសម្លេងតែមួយ បញ្ចប់ភាពអយុត្តិធម៌សង្គម ការរំលោភសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការផ្លាស់ប្តូរដ៏ពិតប្រាកដនៅកម្ពុជាឆ្នាំ២០២៣ ដោយអហិង្សា និងសន្តិវិធី នៃសន្តិភាពនិយមកម្ពុជាខ្មែរតែមួយ៕