លោក ឆែ ពេជ្រ បដិសេធមិនជាប់ពាក់ព័ន្ធករណីឆបោក ដូចបណ្តឹងចោទឡើយ

0
936

កំពង់ស្ពឺ៖ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាននានាមួយចំនួន ដោយធ្វើការចោទប្រកាន់លោក ឆែ ពេជ្រ ជាប់ពាក់ព័ន្ធបណ្តឹង ករណី ឆបោក ធ្វើឱ្យរូបលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្ញាក់ផ្អើលត្រូវបានលោក ឆែ ពេជ្រ ប្រាប់ឱ្យដឹងថា រូបលោក ជាមួយនិងភាគីដើមបណ្តឹង យឿន ណារុំ គឺមិនជាប់ពាក់ព័ន្ធគ្នាឡើយ ចុះហេតុអ្វី មកប្តឹងលោកដូច្នេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកយ៉ាងខ្លាំង។

ជាមួយគ្នានោះ បើតាមលោក ឆែ ពេជ្រ ថា ក្រោយលោកបានឃើញរឿងនេះត្រូវបានផ្សព្វផ្សាយ រូបលោកបានពឹងមេធាវីដើម្បីការពារ និងធ្វើលិខិតបដិសេធ ចំពោះការចោទប្រកាន់មកលើរូបលោកទាំងបំបាន ព្រោះលោកមិនបានឆបោកជនណាម្នាក់ ពិសេសគឺលោកមិនមានមូលបទានប័ត្រប្រើ ក្នុងការចេញឱ្យបុគ្គលណាឡើយ។

បើយោងតាមខ្លឹមសារនៃលិខិតបដិសេធរបស់លោក ឆែ ពេជ្រ អមដោយមេធាវី លៀង តុលា ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បានបង្ហាញថា ក្រោយបានឃើញការបង្ហោះភ្ជាប់រូបថតរបស់លោក និងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដែលមានខ្លឹមសារថា ករណី ឆបោក ដែលបានប្រព្រឹត្ត ដោយមន្រ្តីមានឋានៈ និងតួនាទីខ្ពស់នៅមន្ទីរស្ថាប័នមួយ នៃខេត្តកំពង់ស្ពឺ ឈ្មោះ ឆែ ពេជ្រ ដែលត្រូវបានមហាជនដឹងថា ធ្លាប់មានប្រវត្តិត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាច្រើនលើកច្រើនសាររួចមកហើយ។

ក្នុងលិខិតបដិសេធរបស់ លោក ឆែ ពេជ្រ បានសង្កត់ធ្ងន់ធ្ងន់ថា រូបលោក ពុំមែនជាភាគីនៃការទិញលក់ដី និងគ្មានការជាប់ពាក់ព័ន្ធអ្វី និងបុគ្គលទាំងនោះ ថែមទាំងមិនបានប្រព្រឹត្តដូចការចុះផ្សាយរបស់សាព័ត៌មានទេ និងថា រាល់សកម្មភាពនៃការបង្ហោះព័ត៌មានក្នុងបណ្តាញសង្គម ដោយភ្ជាប់រូបរបស់លោក មានខ្លឹមសារដូចខាងលើ បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូលោក និងក្រុមគ្រួសារ ពិសេសធ្វើឱ្យថ្នាក់ដឹកនាំ និងមហាជនមានការភាន់ច្រឡំ និងមានការរើសអើងមកលើរូបលោកថែមទៀតផង។

ហេតុដូច្នេះលោក សូមជូនដំណឹងដល់សារព័ត៌មានទាំងនោះ ធ្វើការលុបការបង្ហោះ ព្រមទាំងសំណេរ ភ្ជាប់ជាមួយរូបលោក ក៏ដូចជាការបង្ហោះផ្សេងៗ ដែលមានការជាប់ពាក់ព័ន្ធជាមួយលោកជាបន្ទាន់ ក្នុងរយៈពេលមិនឱ្យលើស២៤ម៉ោង គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ប្រសិនបើមិនមានការលុបនោះទេ លោកនិងមានវិធានការទៅតាមផ្លូវច្បាប់។

ដូចគ្នានេះ ក្នុងជំនួបដោយផ្ទាល់ លោក ឆែ ពេជ្រ បានបញ្ជាក់ម្តងហើយម្តងទៀតថា រូបលោកជាមួយភាគីដើមបណ្តឹងឈ្មោះ យឿន ណារុំ គឺមិនជាប់ពាក់ព័ន្ធអ្វីគ្នាឡើយ ហើយក្នុងករណី ដូចការចោទខាងលើ លោកក៏គ្មានអ្នកធំរូបណានៅពីក្រោយខ្នងដែរ ព្រោះតែលោកមិនបានធ្វើ ហើយប្រសិនបើដូចការចុះផ្សាយថា មានអ្នកធំរត់ការ គំរាមជនរងគ្រោះនោះ លោកស្នើសុំឱ្យបង្ហាញភស្តុតាង តែបើការចោទទាំងបំពាន និងគ្មានភស្តុតាងទេ លោកនិងចាត់វិធានការតាមផ្លូវច្បាប់ដូចក្នុងលិខិត បដិសេធ ព្រោះវាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃ​ថ្នូរបស់លោក និងគ្រួសារទាំងមូល៕